រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ លោក ដូណាល់ ត្រាំ (Donald Trump) បានក្លាយជាអតីតប្រធានាធិបតីលើកដំបូងរបស់សហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី ហើយគាត់បានយល់ព្រម ទៅកាន់ពន្ធនាគារហ៊្វូលថុន ខោនធី (Fulton County) ជាកន្លែងដែលគាត់នឹងត្រូវផ្ដិតមេដៃ និង មានលទ្ធភាពថតរូបគាត់បាន។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ថា លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ព្រមទៅកាន់ពន្ធនាគារ Fulton County ស្ថិតក្នុងរដ្ឋចចា (Georgia) ហើយត្រូវបានចោទប្រកាន់ ពីបទព្យាយាមរំលោភលើការបោះឆ្នោតឆ្នាំ២០២០របស់គាត់ នៅក្នុងរដ្ឋនេះ។ លោក ត្រាំ ទំនងជានឹងត្រូវបានអាជ្ញាធរ ជំរុញឲ្យផ្ដិតមេដៃ ហើយថតរូបរបស់គាត់ រួចហើយទើបគាត់នឹងត្រឡប់មកវិញ ដើម្បីចូលទៅបំភ្លឺ នៅក្នុងតុលាការ។ រីឯការបង់ប្រាក់ធានានៅក្រៅឃុំរបស់គាត់ នឹងត្រូវកំណត់ រហូតដល់២០០ ០០០ដុល្លារ។
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានច្រានចោលនូវការចោទប្រកាន់ ចំនួន១៣ករណី រួមទាំង ការវាយតប់ និង ការនិយាយមិនពិត។ គាត់បានអះអាង ថា ការចោទប្រកាន់ទាំងនេះ មានហេតុផលខាងនយោបាយ។
អតីតមេធាវីរបស់លោក ត្រាំ គឺលោក រូឌី ហ្គូលានី (Rudy Giuliani) និង សហចុងចោទផ្សេងៗទៀត កាលពីថ្ងៃពុធ បានចុះចាញ់ នៅក្នុងករណីដូចគ្នានេះដែរ។ នេះជាសំណុំរឿងព្រហ្មទណ្ឌទី៤របស់លោក ដូណាល់ ត្រាំ ខណៈគាត់កំពុងតែរៀបចំការឈរឈ្មោះបោះឆ្នោតជាថ្មីរបស់ នៅក្នុងឆ្នាំ២០២៤។
រហូតមកដល់ពេលនេះ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក មិនត្រឹមតែមានសំណុំរឿងចោទប្រកាន់ នៅក្នុងរដ្ឋ Georgia ប៉ុណ្ណោះទេ បច្ចុប្បន្ន គាត់ក៏កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និង រដ្ឋប្បវេណី ជាច្រើនករណីបន្ថែមទៀត។ ប៉ុន្ដែគាត់អាចនឹងត្រូវបង់ប្រាក់ធានា នៅក្រៅឃុំ ដោយកំណត់ រហូតដល់២០០ ០០០ដុល្លារអាមេរិក។
លោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់ព្រលានយន្តហោះវិញ ហើយវិលត្រឡប់ទៅកាន់ផ្ទះមួយ នៅក្នុងចំណោមអចលនទ្រព្យរបស់គាត់ ស្ថិតក្នុងរដ្ឋ New Jersey (ញូជើរស៊ី) នាភាគឦសានរបស់សហរដ្ឋអាមេរិក។
លោកស្រី ហ្វានី វីលលី (Fani Willis) រដ្ឋអាជ្ញាស្រុក Fulton County បានដឹកនាំការស៊ើបអង្កេត រយៈពេលពីរឆ្នាំកន្លះ លើការប្រព្រឹត្ត ក្រោយការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋ Georgia នៅមុនពេលដាក់ការចោទប្រកាន់ ចំនួន៤១ករណី ប្រឆាំងនឹងគាត់ និង ចោទប្រកាន់លើសហចុងចោទ ចំនួន១៨ករណីទៀត។
លោកស្រី វិលលីស បានក្លាយជារដ្ឋអាជ្ញាស្រីដំបូងគេ នៅក្នុងស្រុក Fulton County ហើយត្រូវបានក្រុមមេធាវីនៅរដ្ឋ Georgia ទទួលស្គាល់ ថា ជាព្រះរាជអាជ្ញា មានសមត្ថភាពខ្ពស់ នៅក្នុងការធានាដល់ការកាត់ក្ដី នៅក្នុងសំណុំរឿងឥស្សរជន និង មានភាពស្មុគស្មាញ៕










