ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាថៃបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ តាមមាត្រា២៧២ របស់រដ្ឋធម្មនុញ្ញប្រទេសថៃ ហើយគណបក្សភឿថៃបានស្នើឈ្មោះលោក Srettha Thavisin ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ ។ ក្រោយពីកិច្ចប្រជុំបានចំណាយពេលពិភាក្សាគ្នាជាង៧ម៉ោង លទ្ធផលការបោះឆ្នោតបង្ហាញថា លោក Srettha Thavisin បានទទួលសំឡេងគាំទ្រជាងពាក់កណ្តាល ឬច្រើនជាង៣៧៥ពិន្ទុ ។ ដូច្នេះ លោកទទួលបានជោគជ័យ និងក្លាយជានាយកដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ។
ពលរដ្ឋរស់នៅខេត្តបឹងកានបានបង្ហាញក្តីរីករាយចំពោះលោក Srettha Thavisin ទទួលបានជោគជ័យ និងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ ។ អាជីវករលក់ឆ្នោតម្នាក់ក្នុងផ្សារខេត្តបឹងកានប្រាប់ថា លោកមានអារម្មណ៍សប្បាយចិត្ត ហើយលោកសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងជួយដោះស្រាយបញ្ហាជីវភាពរបស់ពលរដ្ឋឱ្យប្រសើរឡើង ជាពិសេស ផ្នែកកសិកម្ម ។
បុរសលក់ឆ្នោតរូបនេះបានស្នើឱ្យរដ្ឋាភិបាលថ្មីជួយធ្វើឱ្យតម្លៃជ័រកៅស៊ូឡើងថ្លៃជាងពេលបច្ចុប្បន្ន ព្រោះវាបានធ្លាក់ចុះអស់រយៈពេលយូរមកហើយ ។ រីឯការសហការគ្នារវាងគណបក្សភឿថៃជាមួយគណបក្សនយោបាយចាស់ៗនោះ លោកសង្ឃឹមថា គណបក្សទាំងអស់នឹងឈ្វេងយល់ពីគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសថៃអភិវឌ្ឍន៍បន្តទៅមុខទៀត ។
ចំណែកអាជីវករលក់កម្រងផ្កាក្នុងផ្សារខេត្តបឹងកាននិយាយថា គាត់សប្បាយចិត្តដែលប្រទេសថៃទទួលបាននាយករដ្ឋមន្ត្រីថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន និងមិនឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។ ចំណែកការសហការគ្នារវាងគណបក្សភឿថៃជាមួយគណបក្សនយោបាយចាស់ៗ វាជារឿងរបស់គណបក្សនយោបាយ ។ បើគណបក្សនយោបាយប្រាប់ថា ការសហការគ្នានេះល្អ គាត់ក៏យល់ស្របដែរ ។ ចុងក្រោយ គាត់បានសំណូមពរឱ្យរដ្ឋាភិបាលថ្មីជួយដោះស្រាយបញ្ហាទាំងអស់ឱ្យល្អប្រសើរឡើង និងបង្កលក្ខណៈងាយស្រួលដល់ការប្រកបមុខរបររបស់ពលរដ្ឋផងដែរ ៕ ប្រភព ៖ matichon










