ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមអ៊ីតាលីបានព្រមានពីគ្រោះថ្នាក់កម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅទីក្រុងចំនួន១២ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ដែលមានឈ្មោះថា Nero ។ វាគឺជារលកកំដៅកម្រិតទី៣ ដែលបានគ្របដណ្តប់លើប្រទេសអ៊ីតាលី ក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ ។
នៅថ្ងៃទី២១ ខែសីហា ទីក្រុងធំៗជាច្រើនរបស់ប្រទេសអ៊ីតាលី ដូចជា ទីក្រុងរ៉ូម និងទីក្រុងប្ល័រិន មានសីតុណ្ហភាពកើនឡើងដល់៣៨អង្សារសេ ។ គេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងរហូតដល់៤០អង្សារសេ នៅថ្ងៃទី២៤ ខែសីហា ។
ការិយាល័យឧតុនិយមសង្ឃឹមថា សីតុណ្ហភាពនឹងតំបន់ជាច្រើនរបស់ប្រទេសនេះ នឹងកើនឡើងដល់៣៨អង្សារសេជាប់ៗគ្នា យ៉ាងហោចណាស់ចំនួន៥ថ្ងៃ ហើយវានឹងធ្លាក់ចុះវិញនៅថ្ងៃទី២៦ ខែសីហា ប៉ុន្តែប្រទេសអ៊ីតាលីនឹងទទួលរងខ្យល់ព្យុះ និងផ្គររន្ទះ ។.jpg)
ការប្រកាសជូនដំណឹងក្នុងកម្រិតពណ៌ក្រហម មានន័យថា ពលរដ្ឋទូទៅ ព្រមទាំងយុវជនដែលមានសុខភាពរឹងមាំ គួរតែចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយសារតែអាកាសធាតុក្តៅខ្លាំង ។ ក្រៅពីនេះ ក៏មានដាស់តឿនពីខ្យល់ព្យុះក្នុងតំបន់ភាគខាងត្បូងប្រទេសផងដែរ ដូចជា តំបន់ Calabria, Basilicata និង Sicily ។ គេសង្កេតឃើញថា ប្រទេសអ៊ីតាលីបានប្រឈមនឹងបម្រែបម្រួលអាកាសធាតុយ៉ាងខ្លាំង តាំងពីរលកកំដៅបានគ្របដណ្តប់នៅតំបន់ភាគខាងត្បូងអឺរ៉ុប កាលពីខែកក្កដា ឆ្នាំ២០២៣ ៕
ប្រភព ៖ Nation World










