ថ្មីៗនេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីនស៊ីណាវ៉ាត្រា ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនភ្លាមៗ ពេលទៅដល់ទឹកដីថៃ ក្រោយពីរូបលោកបានចំណាយពេល ១៥ឆ្នាំ រស់នៅនិរទេសខ្លួនក្រៅប្រទេស។
ទន្ទឹមនឹងការចាប់ខ្លួននេះ សភាថៃ បានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី គឺលោក Srettha Thavisin ដែលមានវ័យ៦១ឆ្នាំ មកពីគណបក្សភឿងថៃ។
លោក Srettha Thavisin ត្រូវបានជ្រោមជ្រែងដោយក្រុមសម្ព័ន្ធចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលមានគណបក្សចំនួន ១១ ដែលធ្វើឱ្យពួកគេមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ដោយមាន ៣១៤ អាសនៈ។
បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើការសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។

ការតែងតាំងនាយករដ្ឋមន្រ្តីថ្មីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ក្រោកឡើងវិញ បន្ទាប់ពីប្រទេសនេះបានជាប់វិបត្តិសេដ្ឋកិច្ចជាង៣ខែ នៅក្នុងការជាប់គាំង ស្វែងរកនាយករដ្ឋមន្រ្តីថ្មី។
សូមបញ្ជាក់ផងដែរថា លោក Srettha Thavisin ដែលជាអតីតមហាសេដ្ឋីអចលនាទ្រព្យដ៏ល្បីនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃផ្លូវការ ក្រោយពីចូលគាល់ព្រះមហាក្សត្រ ដើម្បីផឹកទឹកសារសច្ចាប្រណិធាន និងផឹកទឹកសម្បថ នាពេលដ៏ខ្លីខាងមុខនេះ៕
ប្រភព៖ Reuter










