ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេច បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «ស្ពានមង្គល» ក្រោយពីស្រាវជ្រាវឃើញថា មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។ សេចក្តីសម្រេចនេះធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តាមការប្រកាសរបស់ក្រសួងសុខាភិបាល។
តាមប្រភពដដែលបានឱ្យដឹងទៀតថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ តាមការចុះពិនិត្យ ស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ក្រោយពីបានបញ្ចូនពីមន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដោយរថយន្តគិលានសង្គ្រោះទៅ សង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០ នាទី ព្រឹក និង បានសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយ សង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។
ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមដែរថា ការសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ស្ពានមង្គល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល សូមណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕











