កាលពីកន្លងទៅនេះមហាជនបានប្រតិកម្មយ៉ាងខ្លាំងទៅលើគ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ជ័យសែនយកទង់ជាតិប្រទេសកម្ពុជាមកធ្វើសកម្មភាពខុសឆ្គងនាំឱ្យមានផលប៉ះពាល់ខណៈពេលនេះលោកគ្រូខាងលើដែលមានឈ្មោះថា ទិត ឃត បានចេញលិខិតសូមទោសជាសាធារណៈហើយ។
តាមរយៈលិខិតសុំអភ័យទោសនៅថ្ងៃទី១៧ សីហា មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ ទិត ឃតអាយុ ៥១ ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ជ័យសែន ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលពីថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខ្ញុំបាទបានធ្វើសកម្មភាពធ្វើម្ហូប(ប្រហុកចិញ្ច្រាំ) ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជ័យសែន ក្នុងគោលបំណងពិសាបាយជុំគ្នាជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា ប៉ុន្តែក្នុងសកម្មភាពធ្វើម្ហូបនេះ ខ្ញុំបាទបានយកទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក មកទ្រាប់ក្រោមជ្រុញ ដោយមិនបានគិតវែងឆ្ងាយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដោយអចេតនា»។
លោកគ្រូខាងលើនេះបន្តទៀតថា «ខ្ញុំបាទពិតជាមានការសោកស្ដាយជាពន់ពេក ក្នុងនាមជាគ្រូបង្រៀន និងជនជាតិខ្មែរមួយរូប ដែលមានការធ្វេសប្រហែស ខ្វះការពិចារណា ដែលសកម្មភាពនេះហាក់ដូចជាប្រមាថមើលងាយលើប្រទេសជាតិលើប្រជាជនរួមជាតិសាសន៍របស់យើង។ជាមួយគ្នានេះ ខ្ញុំបាទសូមសុំការយោគយល់ អាធ្យាស្រ័យ និងអភ័យទោសពីសំណាក់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេស លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្ត ព្រះវិហារ បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និង ក្រៅប្រទេស សូមអភ័យទោសឱ្យរូបខ្ញុំបាទ ដោយក្តីអនុគ្រោះ»៕










