ពេលណាដែលលោកអ្នកធ្វើដំណើរដល់ទីរួមខេត្តស្ទឹងត្រែង លោកអ្នកប្រាកដជាបានឃើញរូបចម្លាក់ «កងចក្រ» ដែលជានិម្មិតរូបប្រចាំខេត្តស្ទឹងត្រែង។
និម្មិតសញ្ញា កងចក្រ នេះ មានអត្ថន័យគ្រប់គ្រាន់សម្រាប់តំណាងឱ្យខេត្តដ៏មានសក្ដានុពលផ្នែកទេសចរណ៍មួយនេះ។ នៅជុំវិញ កងចក្រ មានចក្រទាំងអស់ចំនួន១៧ ដែលតំណាងឱ្យជនជាតិទាំងអស់ចំនួន១៧ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែង។
ទាំងជនជាតិខ្មែរ និងជនជាតិខ្មែរភាគតិចជាច្រើនទៀត សរុបទាំងអស់មាន១៧ ដូច្នេះហើយទើបបានជាគេធ្វើកងចក្រនេះឡើងដើម្បីតំណាងឱ្យខេត្តស្ទឹងត្រែង។
ស្ទឹងត្រែងជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិទេសចរណ៍ធម្មជាតិ និងវប្បធម៌ប្រពៃណីជនជាតិភាគតិច។ ខេត្តនេះមានទន្លេពីរប្រសព្វគ្នាគឺទន្លេមេគង្គ និងទន្លេសេកុងដែលបានក្លាយជាទន្លេមុខបួន ប្រៀបដូចជាទន្លេចតុមុខនៅរាជធានីភ្នំពេញដែរ។ ស្ទឹងត្រែងសម្បូរទៅដោយតំបន់ទេសចរណ៍លក្ខណៈធម្មជាតិ និងតាមរដូវកាល៕










