បរទេស៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់បានអាក់អន់ចិត្តជាមួយមិត្តប្រុសរបស់ខ្លួន ហើយក៏សម្រេចចិត្តឡើងបង្គោលអគ្គិសនីកម្ពស់ ២៤ ម៉ែត្រ ដោយប៉ុនប៉ងធ្វើអត្តឃាត។ ហេតុការណ៍នេះបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា នារីដែលបានឡើងបង្គោលភ្លើងនោះមានឈ្មោះថា Anita ហើយនាងនិងមិត្តប្រុសរបស់នាងបានរស់នៅជាមួយគ្នាអស់រយៈពេលមួយឆ្នាំ បន្ទាប់ពីឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកជាមួយមិត្តប្រុសរបស់នាង ស្រាប់តែនាងចង់គិតខ្លីបែបនេះតែម្តង។
ភ្លាមនោះដែរ មិត្តប្រុសរបស់នាងក៏បានស្រែកហៅនាងឱ្យមកចុះក្រោមវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការចុះមកក្រោមវិញវាមិនមែនជារឿងងាយស្រួលទេ។ គួរកត់សម្គាល់ថា ការសម្រេចចិត្តដ៏គ្រោះថ្នាក់របស់ស្ត្រីនេះ ប្រឈមនឹងហានិភ័យដល់អាយុជីវិត ដោយសារបង្គោលអគ្គិសនីផ្ទុកតង់ស្យុងខ្ពស់ ដែលអាចបណ្តាលឱ្យឆក់ ឬធ្លាក់ពីកម្ពស់យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែជាសំណាងល្អវត្តមានអ្នកស្រុកនៅជិតនោះក៏បានជូនដំណឹងភ្លាមៗដល់ប៉ូលីស ហើយក៏បានជួយគ្រប់គ្រងស្ថានការណ៍ឱ្យល្អឡើងវិញ។
វីដេអូនៃព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនោះបានល្បីពេញបណ្ដាញសង្គម ហើយហេតុការណ៍នេះមិនមែនជាលើកទីមួយនោះទេ។ កាលពីឆ្នាំ ២០១៧ ក៏មានបុរសឥណ្ឌាម្នាក់ស្រវឹងឡើងទៅលើបង្គោលភ្លើងផងដែរ។ បន្ទាប់មកនៅឆ្នាំ២០២០ មាននារីឥណ្ឌាម្នាក់បានឡើងបង្គោលភ្លើងហើយបដិសេធមិនចុះមកក្រោម មូលហេតុដោយសារតែនាងមានសតិមិនសូវល្អ៕
ប្រភព៖thethaiger










