ប្រទេសឥណ្ឌូណេស៊ី ៖ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានទទួលការចាត់ចំណាត់ថ្នាក់ក្លាយជាទីក្រុងមានបរិយាកាសកខ្វក់ខ្លាំងនៅលើពិភពលោក ដោយសារកម្រិតគុណភាពខ្យល់ក្នុងទីក្រុងនេះមិនល្អជាបន្តបន្ទាប់ ។ លើសពីនេះ បរិយាកាសកខ្វក់ក្នុងទីក្រុងហ្សាកាតា នឹងបន្តកើនឡើងទ្វេដងថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្នុងទីក្រុង ។
ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអាកាសធាតុនៅប្រទេសស្វីសឈ្មោះ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងចំនួន១០ ដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក តាមរយៈការប្រមូលទិន្នន័យផ្នែកគុណភាពអាកាសធាតុនៅតាមបណ្តាទីក្រុងនានា គិតចាប់ពីខែឧសភា ឆ្នាំ២០២៣ ។
លទ្ធផលការប្រមូលទិន្នន័យនេះបង្ហាញថា ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី បានក្លាយជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ។ គុណភាពបរិយាកាសក្នុងទីក្រុងនេះ គ្មានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ ហើយបរិយាកាសកខ្វក់បែបនេះនឹងកើនឡើងទ្វេដងផងដែរ ។ បើទោះជាទីក្រុងហ្សាកាតាមិនធ្លាប់មានប្រវត្តិបរិយាកាសកខ្វក់កន្លងមក ប៉ុន្តែពេលនេះ ហ្សាកាតាបានក្លាយជាទីក្រុងដែលមានបរិយាកាសកខ្វក់បំផុតស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោម១០ប្រទេសលើពិភពលោក ។
ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាកាតាបានត្អូញត្អែរអំពីបញ្ហាខ្យល់ពុលចេញពីរោងចក្រឧស្សាហកម្ម, ផ្សែងពុលដោយសារការស្ទះចរាចរណ៍ និងការដុតធ្យូងថ្មក្នុងរោងចក្រផ្សេងៗ ហើយពលរដ្ឋមួយចំនួនបានដាក់ពាក្យបណ្តឹងទៅតុលាការ និងស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការបំពុលបរិយាកាសក្នុងទីក្រុង ។ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីត្រូវប្រឈមនឹងការកើតជំងឺផ្លូវដង្ហើម, ជំងឺហឺត និងអាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងការធំធាត់របស់កុមារផងដែរ ៕ ប្រភព ៖ Mono News










