យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៣ ៩៧៣ គ្រឿង។ នេះបើតាមការឱ្យដឹងពីផេក ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
តាមប្រភពដដែលបានឱ្យដឹងទៀតថា រយៈ៧ថ្ងៃខាងលើនេះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៧៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី ស្វែងរកជំនួយចំនួន ៧៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៩៤ករណី)។
គួរបញ្ជាក់ផងដែរថា រយៈពេល៧ថ្ងៃនាចុងខែកក្កដា យានយន្តដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿនមានការកើនឡើងចំនួន ១៣ ២២៣ គ្រឿង គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៧ករណីបើធៀបនឹងសប្តាហ៍មុន៕










