ប្រទេសកាណាដា ៖ ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង៤០ឆ្នាំ បានធ្វើឱ្យផ្លូវ ស្ពាន ព្រមទាំងអគារជាច្រើនកន្លែងរងការខូចខាតនៅរដ្ឋ Nova Scotia ប្រទេសកាណាដា ។ ប៉ូលិសបានប្រើប្រាស់ទូកវែងដើម្បីស្វែងរកពលរដ្ឋបាត់ខ្លួនចំនួន៤នាក់ ក្នុងនោះមានកុមារ២នាក់ផងដែរនៅទីក្រុង Bedford ប៉ុន្តែគេមិនទាន់ទទួលបានដំណឹងអ្វីទេ ។
លោក Tim Houston ប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋ Nova Scotia លើកឡើងថា ទឹកជំនន់បានធ្វើឱ្យផ្លូវជាច្រើនកន្លែង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរងការខូចខាត ។ រដ្ឋបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ស្ថិតនៅតែក្នុងលំនៅឋានរបស់ខ្លួន និងហាមប្រើប្រាស់រថយន្តក្នុងអំឡុងពេលនេះ ។ អាជ្ញាធរបញ្ជាក់ថា មានពលរដ្ឋបាត់ខ្លួនចំនួន៤នាក់ ក្នុងនោះមានកុមារ២នាក់, មនុស្សចាស់ម្នាក់ និងយុវវ័យម្នាក់ទៀត ដែលពួកគេមានគ្រោះថ្នាក់ដោយសាររថយន្តលិចក្នុងទឹកជ្រៅ ។
អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះហេតុការណ៍គ្រោះថ្នាក់នៅទីក្រុង Halifax រដ្ឋ Nova Scotia និងតំបន់៤ផ្សេងទៀតដែលស្ថិតនៅជិតគ្នា ។ កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក មានខ្យល់ព្យុះបោកបក់នៅក្នុងតំបន់ទាំងនេះ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ។
មុននេះ នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បានលើកឡើងថា លោកមានការបារម្ភពីស្ថានការណ៍ទឹកជំនន់នៅរដ្ឋ Nova Scotia ជាខ្លាំង ។ ចំណែករដ្ឋាភិបាលកណ្តាលបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងអំឡុងពេលពួកគេរងគ្រោះដោយសារទឹកជំនន់ ។ លើសពីនេះ រដ្ឋាភិបាលកណ្តាលនឹងរៀបចំក្រុមការងារចុះពិនិត្យមើលទ្រព្យសម្បត្តិខូចខាតក្រោយពីទឹកជំនន់ស្រកផងដែរ ៕
ប្រភព ៖ TNN World










