រដ្ឋធានីប៉េកាំង៖ ក្រោយអវត្ដមានរបស់ប្រមុខការទូតរបស់ចិន អស់រយៈពេល ប្រហែល៣សប្ដាហ៍កន្លងមកនេះ កំពុងតែបង្កើតជាពាក្យចចាមអារ៉ាមយ៉ាងច្រើន ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយល្បីៗរបស់ពិភពលោក រួមមាន Reuters, BBC, Nikkei Asia, The Guardian…លើកយកមកចុះផ្សាយព្រោងព្រាត ដោយផ្ដោតលើការសង័្សយផ្សេងៗគ្នា។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៩ ខែកក្កដា ថា លោក គិន គាង (Qin Gang) រដ្ឋមន្រ្ដី ក្រសួងការបរទេសចិន មិនបានបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេលប្រហែល៣សប្តាហ៍កន្លងមកហើយ។ អវត្ដមានរបស់ប្រមុខការទូតមហាយក្សអាស៊ីមួយនេះ កំពុងតែបង្កឲ្យមានពាក្យចចាមអារ៉ាម ជុំវិញទំនាក់ទំនងស្នេហានៅក្រៅប្រព័ន្ធ។
ប្រមុខការទូតរបស់ប្រទេសមហាយក្សចិន វ័យ៥៧ឆ្នាំ មិនបានមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន ស្ថិតក្នុងរដ្ឋធានីហ្សាការតា កាលពីសប្តាហ៍មុន។ ប៉ុន្ដែអ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង កាលពីថ្ងៃទី១១ ខែកក្កដា ថា លោករដ្ឋមន្រ្ដី មានបញ្ហាសុខភាព ទើបមិនបានមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកមួយនេះ។
លោករដ្ឋមន្រ្ដីក្រសួងការបរទេសចិន មិនបានបង្ហាញខ្លួនជាសាធារណៈ អស់រយៈពេល២៣ថ្ងៃកន្លងមកហើយ ខណៈការចូលរួមរបស់គាត់ជាលើកចុងក្រោយ នៅថ្ងៃទី២៥ ខែមិថុនា។ លោក គិន គាង ត្រូវបានតែងតាំង ជារដ្ឋមន្រ្ដីក្រសួងការបរទេសចិន នៅខែធ្នូ ឆ្នាំ២០២២ ហើយគាត់ត្រូវបានគេមើលឃើញ ថា ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។
នៅក្នុងឋានៈជាអ្នកមុខមាត់ដ៏ល្បីល្បាញមួយរូបរបស់រដ្ឋាភិបាលចិន នោះ អវត្តមានដ៏យូររបស់លោក គិន គាង មិនត្រឹមតែ ធ្វើឲ្យក្រុមអ្នកការទូត និង អ្នកឃ្លាំមើលប្រទេសចិន តាមដានប៉ុណ្ណោះទេ សូម្បីតែប្រជាជនចិនធម្មតា ក៏ផ្ដោតការចាប់អារម្មណ៍ លើបញ្ហានេះផងដែរ។
ក្រោយពេលមានសំណួរសាកសួរ កាលពីថ្ងៃចន្ទ ថា តើលោករដ្ឋមន្រ្ដី គិន គាង ទៅទីណា? ជាការឆ្លើយតបវិញនោះ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង ថា លោកស្រី មិនមានព័ត៌មានផ្តល់ជូននោះឡើយ។
ក្រោមប្រព័ន្ធគ្រប់គ្រងដ៏តឹងរឹងរបស់ប្រទេសចិន ការអវត្ដមានរបស់មន្ត្រីជាន់ខ្ពស់ណាម្នាក់ មានរយៈពេលយូរ អាចនឹងក្លាយជាសញ្ញាមួយ សម្រាប់បញ្ហា។ ប៉ុន្ដែការឆ្លើយតបទទេៗរបស់អ្នកស្រី អ្នកនាំពាក្យ រូបនេះ បាននាំឱ្យផ្ទុះឡើងជាថ្មី អំពីការរំពឹងទុក ចំពោះការអវត្តមានរបស់លោករដ្ឋមន្រ្ដី ក្រសួងការបរទេសចិន ហើយកំពុងតែបង្កើននូវការសង្ស័យ កាន់តែខ្លាំងឡើងបន្ថែមទៀត។
លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឆ្លើយតប នៅតាមបណ្ដាញសង្គម Weibo របស់ចិន ថា «គាត់មិនបានដឹង ថា នឹងត្រូវឆ្លើយយ៉ាងម៉េចទេ?»។
ដោយឡែក មតិមួយទៀត បានលើកឡើង ថា ការឆ្លើយតបបែបនេះ ពិតជាគួរឲ្យបារម្ភ។ ករណីនេះ មិនមែនជារឿងចម្លែកនោះទេ ខណៈឥស្សជនជាន់ខ្ពស់ នៅក្នុងប្រទេសចិន បានបាត់ខ្លួន អស់រយៈពេលយូរ ដោយគ្មានការពន្យល់ តាំងពីដំបូងមក ហើយករណីនេះមានតែបង្ហាញ អំពីការសង័្សយជាច្រើន។
ការចរចា រវាងលោករដ្ឋមន្ត្រីការបរទេសចិន និង ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប ប័ររ៉ែល (Josep Borrell) គ្រោងនឹងធ្វើឡើង នៅក្នុងរដ្ឋធានីប៉េកាំង ប៉ុន្ដែគម្រោងនោះ ត្រូវបានប្រកាសផ្អាកទៅវិញ កាលពី២សប្តាហ៍មុន។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង បានជូនដំណឹង ទៅដល់សហភាពអឺរ៉ុប ថា កាលបរិច្ឆេទមិនមានពេលកំណត់ ប៉ុន្តែមិនបានពន្យល់ អំពីមូលហេតុនេះដែរ។
ប្រភពព័ត៌មានមួយផ្សេងទៀត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហភាពអឺរ៉ុប បានទទួលនូវការជូនដំណឹង សុំពន្យារពេលនេះ ត្រឹមតែ២ថ្ងៃ នៅមុនពេលការមកដល់របស់ប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក ប័ររ៉ែល ទៅកាន់ទីក្រុងប៉េកាំង។
លោករដ្ឋមន្រ្ដីការបរទេសចិន កាលពីថ្ងៃចន្ទ មិនបានបង្ហាញខ្លួន នៅក្នុងជំនួប រវាងលោកប្រធានាធិបតី ស៊ី ជិនពីង និង អតីតប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។ ឃ្លីបវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញតែអំពីវត្ដមានរបស់លោក វ៉ាង យី (Wang Yi) និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ក្រសួងការបរទេស។
លោក Wu Qiang ជាអ្នកអត្ថាធិប្បាយនយោបាយចិន មានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានអះអាង ថា «ប្រជាជនកំពុងតែចាប់អារម្មណ៍នឹងរឿងរ៉ាវនេះ ដោយសារតែពួកគេចង់ដឹង ចង់ឃើញ អំពីអាថ៌កំបាំងណាមួយ នៅក្នុងប្រអប់ខ្មៅនេះ។ ការបាត់ខ្លួនរបស់គាត់ បានបង្ហាញ អំពីភាពផុយស្រួយ សម្រាប់ប្រព័ន្ធការទូតរបស់ប្រទេសចិន និង ប្រព័ន្ធសម្រេចចិត្តកម្រិតខ្ពស់របស់ចិន»។
បើទោះជាយ៉ាងណា ការពិត នៃពាក្យចចាមអារ៉ាម អំពីមន្ត្រីជាន់ខ្ពស់បែបនេះ កំពុងតែត្រូវបានពិភាក្សា នៅលើបណ្ដាញអ៊ិនធើណេតរបស់ចិន។ អវត្តមានរបស់លោករដ្ឋមន្រ្ដី បានធ្វើឱ្យមនុស្សជាច្រើន កើតការងឿងឆ្ងល់ ថាតើវាជាការពិតទេ ចំពោះពាក្យចចាមអារ៉ាម អំពីការតស៊ូអំណាច អំពើពុករលួយ ការរំលោភបំពានអំណាច មុខតំណែង និង ទំនាក់ទំនងស្នេហា?










