ភ្នំពេញ៖ដើម្បីអបអរទិវាដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ ដើមក្នុងខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះ ត្រូវបានឧបត្ថម្ភដោយអ្នកចូលរួមកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅកីឡដ្ឋានកំពង់ស្ពឺ។

អំឡុងពេលកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” អ្នកចូលរួមអាចជ្រើសរើសឧបត្ថម្ភជាទឹកប្រាក់ ឬឧបត្ថម្ភជាកូនឈើ។ កូនឈើនីមួយៗដែលបានដាំ មានដាក់ស្លាកឈ្មោះដែលមានសរសេរឈ្មោះអ្នកឧបត្ថម្ភនៅក្បែរកូនឈើ។ សរុបរួម មានកូនឈើ ៨៥០ ដើមត្រូវបានឧបត្ថម្ភដែលក្នុងនោះ ៤០០ ដើមត្រូវបានដាំរួមគ្នាជាមួយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv0ydaqtV5b80Uib9QLVqSewMV62bcMmLsAhbwd_p2YJJmAMZL1u9GA5qNvNzOBbwRfkt9ssfV1h6k8etoJJv0c8UgvzpwcYin5hdNZYIdJUWoFVqQflX7eE67OMj_v0OuQ1Tf64oX_54-tpH8Mt1hDyiDJp9QTZV-yuNMaCtia6gg5HIXXuBFfzQS454/s1280/photo_2023-07-14_10-13-16.jpg

កូនឈើ ត្រូវបានដាំនៅក្នុងវាលស្រែមួយនៅក្នុងស្រុកត្រគៀតជាទីតាំងដែលជ្រើសរើសដោយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ដែលមានវត្តមានលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ កុមារនៅក្នុងសមាគម និងបុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត បានឱ្យដឹងថា “ខ្ញុំរីករាយដែលបានឃើញការដាំកូនឈើលើកដំបូងបែបនេះនៅក្នុងភូមិរបស់ខ្ញុំចាប់តាំងពីខ្ញុំមកកាន់តំណែងនេះ។ ក្មេងៗជំនាន់ក្រោយ នឹងបានឃើញដើមឈើដ៏ស្រស់បំព្រងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស”។

នៅក្នុងថ្ងៃនោះដែរ មានបុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនណាហ្គាវើលដ៍ ៥០ នាក់ និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ៥០ នាក់ បានចូលរួមដាំកូនឈើជាមួយគ្នា។

លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍បាននិយាយថា “យើងពឹងទៅលើដើមឈើដោយសារវាផ្តល់ខ្យល់ឱ្យយើងដកដង្ហើម និងអត្ថប្រយោជន៍ជាច្រើនទៀត។ គ្មានដើមឈើ គឺយើងជួបការលំបាកយ៉ាងខ្លាំងក្នុងពេលអនាគត។ ដូច្នេះយើងត្រូវធ្វើអ្វីដែលយើងអាចដើម្បីការពារបរិស្ថានមុនហួសពេល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4eG6sWpfA0BqMevWKm3j8EIAWZzEFprmdELaQ5fw7NelOvz7ncJDMNSajnlsaD1xrxuBr6xuxwnO-_lv_wuIoey-0MRieWFNpMVIuC_rcd5e4C2ZR29JzjXmvVpwXoYqcR4t0D4kzGFiFECaNO0N9h4xQLD9DFTzMxqYIVhVZw3fvJ1Ph94H_rJVPr2s/s1280/photo_2023-07-14_10-13-17.jpg

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជនអំពីសារសំខាន់នៃនិរន្តរភាពបរិស្ថាន គឺវាមានសារសំខាន់ណាស់។ ការដាំកូនឈើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់យើងដែលជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានសំដៅឆ្ពោះទៅរកការការពារធនធានធម្មជាតិដែលយើងម្នាក់ៗអាចធ្វើបាន”។

គួរដឹងថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានបេសកកម្មផ្តល់ការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស និងអនុវត្តគម្រោងសហគមន៍។ កម្មវិធីបច្ចុប្បន្នរបស់សហគមនេះ រួមមាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសហគមន៍តាមរយៈការលើកកម្ពស់និរន្តរភាពកសិកម្ម។ បច្ចុប្បន្ន សមាគមកំពុងបម្រើកុមារមកពីសហគមន៍ប្រមាណ ៦០០ នាក់។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងចូលរួមគាំពារបរិស្ថានដើម្បីចូលរួមធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយបានដាំកូនឈើប្រមាណ ៤.១៩៨ ដើមគិតមកដល់បច្ចុប្បន្នសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ តាមរយៈយុទ្ធនាការ “កម្ពុជាបៃតង ៖ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការដាំកូនឈើ” ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងបន្តប្តេជ្ញាការពារបរិស្ថានដើម្បីសហគមន៍ឱ្យកាន់តែមានភាពស្រស់បំព្រង៕