បារាំង ជាប្រទេសមួយដែលស្ថិតនៅតំបន់អឺរ៉ុបខាងលិច និងមានទឹកដីក្រៅទ្វីបមួយចំនួន ស្ថិតនៅទ្វីបអាមេរិកខាងត្បូង និងរួមទាំងមហាសមុទ្រអាត្លង់ទិក មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។
ទឹកដីមួយ ដែលមានទំហំ៨៣ ៨៤៦ គីឡូម៉ែត្រការ៉េនេះ ស្ថិតនៅទ្វីបអាមេរិកខាងត្បូង គឺជាទឹកដីកំណប់ទ្រព្យមួយរបស់បារាំង ដែលគេហៅថា ហ្គីយ៉ាណាបារាំង (French Guiana) ដែលបានគ្រប់គ្រង និងប្រើប្រាស់បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញរបស់បារាំង។
ហ្គីយ៉ាណាបារាំង (French Guiana) មានទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងនៃអាមេរិកខាងត្បូងក្នុងតំបន់ Guianas ដោយមានព្រំប្រទល់ជាប់នឹងប្រទេស Suriname នៅខាងលិច និងប្រេស៊ីលនៅខាងកើត និងខាងត្បូង។
បើតាមប្រវត្តិសាស្រ្ត គ្រាដើមឡើយប្រទេសនេះ ជារដ្ឋឯករាជ ក៏ប៉ុន្តែនៅសតវត្សទី១៦ ដល់១៩ ប្រទេសបារាំងដាក់អណានិគមនៅលើប្រទេសនេះ ដោយពួកគេព្យាយាមរើបម្រាស់ជាច្រើនដងតែមិនបានសម្រេច ចុងក្រោយប្រទេសនេះ ក៏បានក្លាយជាផ្នែកមួយនៃទឹកដីរបស់បារាំង ចាប់តាំងពីឆ្នាំ១៩៤៦ មកទល់ច្ចុប្បន្ន។
ហ្គីយ៉ាណាបារាំង ជាប្រទេសតែមួយគត់ ដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលនិយាយភាសាបារាំង និងប្រើប្រាស់រូបិយបណ្ណយូរ៉ូ ខុសពីប្រទេសផ្សេងដែលចាយប្រាក់ ប៉េសូ និងនិយាយ ភាសាអេស៉្បាញ ឬព័រទុហ្គាល់ជាដើម។
មកទល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ហ្គីយ៉ាណាបារាំង (French Guiana) មិនដែលស្នើសុំ ឬប្រកាសចង់បង្កើតរដ្ឋឯករាជទៀតនោះឡើយ ដោយពួកគេសប្បាយរីករាយ និងទទួលបានសិទ្ធការពារពេញលេញពីប្រទេសបារាំង ប្រសិនបើមានប្រទេសណាមួយចង់ឈ្លានពាន៕
ប្រភព៖ Britannica










