ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនបន្ទាប់ពីមានកម្មវិធី Fashion មួយបានឱ្យតារាម៉ូដែលបុរសពាក់មកុដអប្សរាគួបផ្សំជាមួយនឹងសំលៀកបំពាក់សម័យ។ វីដេអូមួយនោះបានរីករាលដាលយ៉ាងឆាប់រហ័សជាមួយនឹងការមិនពេញខណៈមនុស្សជាច្រើនឆ្ងល់ថាតើបុរសអាចពាក់មកុដអប្សរាបានដែរទេ?។
បន្ទាប់ពីវីដេអូបុរសពាក់មកុដអប្សរាលោក ទេស សុខន ជាគ្រូបង្រៀនរបាំបុរាណម្នាក់បានបង្ហោះសំណេរមួយថា «បំផ្លាញដោយជ្រកក្រោមពាក្យ សហសម័យ។ ឆ្ងល់អត់មាននរណាធ្វើគាត់បែកណ៎ តើបងៗខាងក្រសួងគាត់មានបានមើលទស្សនីយភាពហ្នឹងអត់ណ៎ ? ហើយអ្នកតតាំងស្នេហាវប្បធម៌ម្តេចស្ងាត់ឈឹងចឹងណ៎ ? រង់ចាំខាងក្រសួងបកស្រាយដើម្បីឱ្យអស់ចម្ងល់ ខ្ញុំសិស្សក្រៅប្រ័ពន្ធមិនហ៊ានឡើយបានត្រឹមសោកស្តាយរាល់ទង្វើនេះ »។

កញ្ញា សារី សុវត្តី Miss World Cambodia 2021 ក៏បានបង្ហាញការពេញចិត្តដូចគ្នាបន្ទាប់ពីឃើញមកុដអប្សរាត្រូវបានគេយកទៅប្រើប្រាស់ដោយគ្មានតម្លៃ។ អតីតបវរកញ្ញារូបនេះបានសរសេរថា «ឈប់បំភ្លៃវប្បធម៌! ឈប់រំលោភលើតួអង្គស្ត្រីដ៏ទេវភាព! អប្សរាគឺជានិមិត្តរូបវប្បធម៌ដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងប្រវត្តិសាស្ត្រខ្មែរ ស្មារតី និងការពណ៌នាអំពីតួអង្គស្ត្រីដ៏ទេវភាពនៅក្នុងសិល្បៈអង្គរ។ ការប្រើប្រាស់វានៅក្នុងបរិបទដែលមិនអើពើនឹងសារៈសំខាន់នេះអាចត្រូវបានគេមើលឃើញថាជាការមិនគោរពចំពោះអត្ថន័យវប្បធម៌របស់វា។ ឯណាតម្លៃមកុដអប្សរា និងតំណាងស្ដ្រីភាព»។

នៅលើផេក «វប្បធម៌ខ្មែរ» ក៏បានបង្ហោះសំណេរមួយដែរថា «ខ្ញុំនៅតែមិនគាំទ្រជាដាច់ខាតរាល់ទង្វើររបស់អ្នកច្នៃម៉ូតរូបណា តែយកមកុដអប្សរាគ្រប់ទម្រង់ទាំងអស់ មកបង្ហាញបែបសហសម័យជ្រុលនិយមខុសទម្រង់ដើមពេក អ្វីដែលកាន់តែធ្ងន់ធ្ងរគឺឱ្យបុរសជាអ្នកគ្រងទៀត»។.png)
ក្រៅពីនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិវែកញែកដោយអះអាងថាបុរសមិនអាចពាក់មកុដអប្សរាបាននោះទេ សូម្បីតែភេទទី៣ក៏ដោយ។ លើសពីនេះទៅទៀតទស្សនិកជនខ្លះក៏ចង់ឱ្យក្រសួងវប្បធម៌ចេញសេចក្តីប្រកាសលើរឿងនេះដូចគ្នាថាតើបុរសពាក់មកុដអប្សរាត្រឹមត្រូវឬមិនត្រូវដើម្បីកុំឱ្យអ្នកច្នៃម៉ូតយកទៅធ្វើខុសទម្រង់តទៅទៀត៕










