សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា ចាប់តាំងពីប្រទេសរុស្ស៊ីបានវាយលុកអ៊ុយក្រែនមក ក្រុមហ៊ុនអាមេរិកបានដកខ្លួនចេញពីរុស្ស៊ីចំនួន៦០០ទីតាំង ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងមកកាន់លោកថា សេដ្ឋកិច្ចចិនបានពឹងផ្អែកលើការវិនិយោគពីតំបន់អឺរ៉ុប និងអាមេរិក ។ លោក ចូ បៃដិន បានឆ្លើយតបទៅវិញថា ចិនត្រូវប្រុងប្រយ័ត្ន ប៉ុន្តែលោក ចូ បៃដិន បញ្ជាក់ថា នេះមិនមែនជាការគំរាមទេ វាគ្រាន់តែជាការសង្កេតប៉ុណ្ណោះ ។
នៅពេលសារព័ត៌មាន CNN សួរថា តើអាកប្បកិរិយារបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បែបណាដែរ ? ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឆ្លើយតបថា មេដឹកនាំចិនព្រមទទួលស្តាល់ ហើយមិនបានប្រកែកអ្វីទេ ។ លោក ចូ បៃដិន បន្តថា លោក ស៊ី ជិនពីង មិនបានបង្កើតទំនាក់ទំនងពេញលេញជាមួយរុស្ស៊ីទេ ។ ដូច្នេះ លោកគិតថា នឹងមានផ្លូវដោះស្រាយរឿងនេះ ។
ការផ្តល់បទសម្ភាសន៍របស់មេដឹកនាំអាមេរិកលើកនេះ ក្រោយពីលោក ស៊ី ជិនពីង បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចំនួន២លើក ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយបានពិភាក្សាគ្នាលើកចុងក្រោយក្នុងកិច្ចប្រជុំពីចម្ងាយ នៅដើមខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងការពិភាក្សាគ្នារវាងមេដឹកនាំចិន និងរុស្ស៊ី នៅខែមីនា កន្លងមក មេដឹកនាំទាំងពីររូបបានបង្កើតទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ និងរួមគ្នារិះគន់ប្រទេសលោកខាងលិច ប៉ុន្តែមេដឹកនាំទាំងពីររូបមិនបានលើកឡើងពីជម្លោះនៅអ៊ុយក្រែនទេ ។
ចំណែកទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែមានភាពតានតឹង ដោយសារមានជម្លោះលើបញ្ហាសន្តិសុខជាតិជាច្រើន ដូចជា បញ្ហាតៃវ៉ាន់ និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយអាមេរិកបង្កើនការហាមឃាត់នាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ទៅចិន ។
សហរដ្ឋអាមេរិកបានបញ្ជូន លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទៅកាន់ប្រទេសចិនចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការប្រេះឆារវាងប្រទេសទាំងពីរ៕
ប្រភព ៖ TNN World










