Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃបារម្ភពីពលរដ្ឋវៀតណាមចូលមកដណ្តើមការងារខ្លួន!

ពលរដ្ឋថៃបារម្ភពីពលរដ្ឋវៀតណាមចូលមកដណ្តើមការងារខ្លួន!

100
0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា ជនជាតិថៃបានខឹងសម្បារជាខ្លាំង ដោយសារជនជាតិវៀតណាមបានចូលមកប្រកបមុខរបរដែលប្រទេសថៃហាមឃាត់ ។ ជនជាតិវៀតណាមទាំងនេះបានលក់ផ្លែឈើតាមរទេះរុញ និងខ្លះទៀតរែកអម្រែកលក់របស់របរផ្សេងៗនៅកណ្តាលទីក្រុងបាងកក បរិវេណផ្លូវសុខុមវីត (Sukhumvit Road) ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា ប្រទេសទាំងអស់មិនអនុញ្ញាតឱ្យជនបរទេសចូលមករកស៊ីខុសច្បាប់នៅប្រទេសរបស់ខ្លួនទេ ព្រោះមុខរបរទាំងនេះសម្រាប់តែពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះ ។ កន្លងមក គេបានឃើញពលរដ្ឋមកពីបណ្តាប្រទេសជិតខាងថៃ ជាច្រើននាក់ចូលមកប្រកបមុខរបរដែលថៃហាមឃាត់ ។ ពួកគេបានប្រកបមុខរបរនេះដោយបើកចំហរ ជាពិសេស ការរែកលក់របស់របរនៅតាមដងផ្លូវ ខណៈអាជ្ញាធរថៃមិនបានចាប់ខ្លួន ឬដាក់ពិន័យអ្វីទេ ។ ហេតុនេះ ទើបមានជនបរទេសជាច្រើននាក់បានមកដណ្តើមការងារពីពលរដ្ឋថៃ ។

ទំព័រហ្វេសប៊ុកនេះបន្តថា កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក មានទំព័រហ្វេសប៊ុកមួយរបស់ថៃបានបង្ហោះរូបភាពបុរសវៀតណាមម្នាក់កំពុងលក់ផ្លែឈើតាមរទេះរុញនៅផ្លូវសុខុមវីត ។ ទំព័រហ្វេសប៊ុកថៃនេះសរសេរថា ៖ «ក្រៅពីមានអ្នកសុំទានខ្មែរនៅពាសពេញទីក្រុងហើយ រទេះលក់ផ្លែឈើវៀតណាម ក៏សម្បូរពេញទីក្រុងផងដែរ ។ ពួកគេបានមករកស៊ីនៅតំបន់ទេសចរណ៍ប្រទេសថៃ ប៉ុន្តែពលរដ្ឋថៃវិញមិនអាចលក់ដូរនៅតំបន់នេះទេ» ។

ទំព័រហ្វេសប៊ុកនេះបន្ថែមថា នៅពេលទំព័រហ្វេសប៊ុករបស់ថៃខាងលើបានបង្ហោះរូបភាពជនជាតិវៀតណាមលក់ផ្លែឈើក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់សម្តែងការមិនពេញចិត្ត ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «ពួកគេនិយាយភាសាថៃបាន ហើយគ្រប់១ខែ ពួកគេនឹងជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ ហើយ២-៣ថ្ងៃក្រោយ ក៏ត្រឡប់មកថៃទៀត ។ ពេលខ្លះ ពួកគេចេញ-ចូលតាមព្រំដែនផ្លូវគោកជាប់ប្រទេសជិតខាងថៃ ហើយយូរៗត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃបដិសេធ ឬបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសវិញ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ពេលសួរអ្នកមួយចំនួនថា តើចេញ-ចូលប្រទេសថៃរៀងរាល់ខែបែបនេះ ប៉ូលិសអន្តោប្រវេសន៍ថៃមិនបដិសេធទេឬ ? ពួកគេប្រាប់ថា អ្នកខ្លះមិនចំណាយប្រាក់ ទើបចូលថៃអត់បាន» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ជាទូទៅ វៀតណាមធ្វើជាង, មីយ៉ាន់ម៉ាធ្វើរោងចក្រ និងធ្វើសំណង់, ឡាវធ្វើសំណង់, ឥណ្ឌាលក់ក្រណាត់, ខ្មែរសុំទាន ចំណែកជនជាតិថៃធ្វើការនៅការិយាល័យ និងបើករថយន្ត» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «អ្នកឈរលក់ប្រហិតចៀននៅមុខហាងលក់ទំនិញ 7-Eleven នៅក្បែរ Terminal 21 មិនមែនជាជនជាតិថៃទេ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «នៅប្រាទូណាមមានជនបរទេសលក់ដូររយៈពេល១០ឆ្នាំហើយ ដូចជា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «កុំសុបិនថា ជនបរទេសច្រើនជាតិសាសន៍ទាំងនេះនឹងអស់ពីប្រទេសថៃឱ្យសោះ ហើយប្រទេសថៃមើលរំលងរឿងនេះ ដោយសារមានការប្រមូលប្រាក់ប្រចាំថ្ងៃ ឬប្រចាំខែ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ខ្ញុំធ្វើជាកម្មករសំណង់នៅម្តុំផាយ៉ាថៃ ហើយប៉ូលិសថៃបានមកឆែករកមើលពលករបរទេស ពេលនោះ មានរទេះលក់ការ៉ែមដូងរបស់ជនជាតិវៀតណាម ប៉ុន្តែគ្រាន់តែទូរស័ព្ទទៅប៉ូលិសភ្លាម ប៉ូលិសក៏ដោះលែងតែម្តង» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «រ៉ឺម៉កម៉ូតូលក់ប្រហិតចៀននៅទូទាំងទីក្រុងបាងកកប្រមាណជាង៧០% គឺជាជនជាតិវៀតណាមទាំងអស់ ហើយនៅមានរទេះលក់ផ្លែឈើជាច្រើនទៀតនៅម្តុំឡាតប្រាវ ។ ពួកគេនិយាយថៃបានច្បាស់ រហូតដល់គិតថា ជាជនជាតិថៃ» ។

ទំព័រហ្វេសប៊ុក TOURLONG បញ្ជាក់ថា នេះជាការបញ្ចេញមតិរបស់ពលរដ្ឋថៃមួយចំនួនប៉ុណ្ណោះ ដែលខាង TOURLONG យកមកចុះផ្សាយ ហើយបើបងប្អូនថៃប្រទះឃើញជនជាតិវៀតណាមមករកស៊ីនៅប្រទេសថៃ បងប្អូនអាចជូនដំណឹង ឬបញ្ចេញយោបល់ក្នុងបណ្តាញសង្គមបាន ៕

ប្រភព ៖ TOURLONG