សហរដ្ឋអាមេរិក៖ អគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោក ដែលមានទំហំជិត ៩៤០ ហ្វីតការ៉េនៅរដ្ឋផ្លរីដាត្រូវបានសាងសង់ជិតរួចហើយ ដែលវាមានគុណសម្បត្តិអាចទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុខ្លាំងដូចជាការឡើងកំដៅខ្លាំង និងព្យុះភ្លៀងផងដែរ។
យោងតាមប្រភពព័ត៌មាន New Atlas កាលពីថ្ងៃទី ៤ ខែកក្កដា បានឱ្យដឹងថា ជាមួយនឹងគម្រោងអគារទីក្រុងចំនួន ១០០ នៅ Austin រដ្ឋ Texas និងបរិស្ថាន Mars របស់ NASA ស្ថាបត្យកម្មបោះពុម្ព 3D កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺ Printed Farms ដែលជាអគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោកហៀបនឹងបញ្ចប់។
អគារបោះពុម្ព 3D Printed Farms មានបណ្តោយប្រវែង ៤៧ម៉ែត្រ ទទឹង ២៥ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។ ដើម្បីសាងសង់អាគារ Printed Farms នេះបាន យើងត្រូវប្រើម៉ាស៊ីនព្រីន BOD2 3D របស់ក្រុមហ៊ុន COBOD ដែលជាម៉ាស៊ីនបង្កើតផ្ទះបោះពុម្ព 3D ពីរជាន់ដំបូងគេនៅអឺរ៉ុប។ ស្រដៀងនឹងគម្រោងបោះពុម្ព 3D ផ្សេងទៀតដែរ ដំណើរការសាងសង់ពាក់ព័ន្ធនឹងម៉ាស៊ីនរ៉ូបូតដ៏ទំនើប ដែលបាញ់ល្បាយដូចស៊ីម៉ងត៍ចេញពីក្បាលម៉ាស៊ីន បង្កើតជាជញ្ជាំងក្នុងស្រទាប់ជាច្រើន។ ម៉ាស៊ីនព្រីនមិនមានទំហំធំល្មមសម្រាប់សាងសង់លំនឹងទាំងមូលក្នុងពេលតែមួយនោះទេ ផ្ទុយទៅវិញវាត្រូវបានបោះពុម្ពតាមតំបន់ ដោយចាប់ផ្តើមពីផ្នែកម្ខាងនៃអគារ និងបញ្ចប់វិញដោយផ្នែកកណ្តាល។
នៅពេលដែលការបោះពុម្ព 3D ត្រូវបានបញ្ចប់ អ្នកសាងសង់បានដំឡើងដំបូល បង្អួច និងទ្វារ អមដោយឧបករណ៍អគ្គិសនី និងបរិក្ខារជាច្រើនទៀត។ អគារនេះត្រូវបានរចនាឡើងដោយគិតពីលក្ខខណ្ឌអាកាសធាតុក្នុងតំបន់ ដូច្នេះវាអាចទប់ទល់នឹងកំដៅខ្លាំង រួមជាមួយខ្យល់បក់ខ្លាំង និងជាពិសេសនោះវាអាចទប់ទល់នឹងព្យុះត្រូពិចបានទៀតផង។ ភាពបត់បែន និងអត្ថប្រយោជន៍នៃការបោះពុម្ព 3D ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងជញ្ជាំងអគារផងដែរ ជាមួយនឹងរន្ធខ្យល់ដើម្បីធ្វើឱ្យអគារត្រជាក់ដោយធម្មជាតិ ៕ ប្រភព៖vnexpres










