រាជធានីតូក្យូ៖ ថ្វីបើមានការតវ៉ាពីក្រុមសកម្មជនជាច្រើន ទាំងនៅកូរ៉េខាងត្បូង និង សហជីពនេសាទជប៉ុន ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ បញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ពីការរញ្ជួយដីកម្រិតខ្លាំង និង មហារលកយក្សស៊ូណាមិ យ៉ាងណាក្ដី ប៉ុន្ដែឥឡូវនេះ ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ក៏បានប្រកាស អំពីកម្រិតសុវត្ថិភាព ហើយវាមានផលប៉ះពាល់តិចតួដល់មនុស្ស និង បរិស្ថាន។
សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចុះទៅពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និង បានជួបជាមួយអ្នកស្រុក។ ក្រោយមក គាត់បានអះអាង អំពីសុវត្ថិភាព សម្រាប់ផែនការរបស់ប្រទេសជប៉ុន បញ្ចេញទឹកសំណល់មានធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ចេញពីរោងចក្រថាមពលនេះ ដើម្បីបង្ហូរទឹកសំណល់ទាំងនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា និង មហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១ ថា ការត្រួតពិនិត្យ រយៈពេល២ឆ្នាំមកនេះ រកឃើញ ថា ផែនការរបស់ជប៉ុន សម្រាប់ការបង្ហូរទឹកសំណល់ ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ នេះ នឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស ឬ បរិស្ថាន។
សហជីពនេសាទជប៉ុន បានជំទាស់តវ៉ា ប្រឆាំងនឹងផែនការនេះ អស់រយៈពេលជាយូរមកហើយ ដោយបានអះអាង ថា រដ្ឋាភិបាលគួរតែលុបចោលផែនការជួសជុលនូវការខូចខាតកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប្រទេសមួយចំនួន បានហាមឃាត់នូវផលិតផលអាហារមួយចំនួនរបស់ជប៉ុន ព្រោះតែពួកគេភ័យខ្លាចវិទ្យុសកម្ម។ ជប៉ុន តែងតែធ្វើតេស្ត លើម្ហូបអាហារសមុទ្រ ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ជាប្រចាំ ហើយរកឃើញ ថា វាមានសុវត្ថិភាពតាមស្ដង់ដារ។
លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានសង្កត់ធ្ងន់ ថា វាមិនមានបញ្ហាអ្វីត្រូវរង់ចាំនោះឡើយ ក្រោយការវាស់ស្ទង់ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលរងគ្រោះមហន្ដរាយ ហើយការផ្តល់ចំណីឱ្យសត្វរុយ ក្លាយជាភស្ដុតាង បញ្ជាក់ ថា ទឹកសំណល់មានធាតុវិទ្យុសកម្ម ត្រូវបានចម្រោះចេញនោះ បង្ហាញ អំពីការគ្មានគ្រោះថ្នាក់។
លោក វ៉ាង វ៉ែនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានរិះគន់ដល់ចំណាត់ការ ឆ្ពោះទៅរកការបង្ហូរទឹក បញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ាដាយអ៊ិឈិ ហើយថែមទាំង បានគំរាម អំពីចំណាត់វិធានការផ្សេងៗ ប្រសិនបើផែនការនេះគួរតែដំណើរការទៅមុខ។
អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា «នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រឹងនូវការត្រួតពិនិត្យ លើបរិស្ថានដែនសមុទ្រ និង ត្រួតពិនិត្យដល់ការនាំចូលផលិតផលសមុទ្រ សម្រាប់ធានាដល់សុខភាព និង សន្តិសុខស្បៀងអាហារ សម្រាប់សាធារណជន»។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ចំពោះការផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីសកម្មភាពប្រភេទណា នឹងត្រូវរដ្ឋាភិបាលចិន ប្រកាន់យកនោះ។
ក្រុមសកម្មជនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បានបង្កើននូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ិឈិ ដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ បង្កឡើងដោយវិទ្យុសកម្ម។
រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជាក់ កាលពីថ្ងៃពុធ ថា កូរ៉េខាងត្បូង គោរពតាមការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ សម្រាប់ផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ បញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ថ្វីបើមានប្រតិកម្មប្រឆាំង និង ការតវ៉ា នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កំពុងតែកើនឡើងខ្លាំងយ៉ាងណាក្ដី។
លោក ផាក ឃូយឿន (Park Ku-yeon) អនុប្រធានទី១ នៃការិយាល័យសម្របសម្រួលគោលនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា «IAEA ជាស្ថាប័នមានសិទ្ធិអំណាចជាសកល ហើយគោលជំហរ ជាមូលដ្ឋានរបស់រដ្ឋាភិបាលក្រុងសេអ៊ូល គឺយើងគោរពតាមការសម្រេចចិត្តរបស់ទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ មួយនេះ។ រីឯរដ្ឋាភិបាលក្រុងសេអ៊ូល ក៏នឹងផ្តល់នូវការវិភាគរបស់ខ្លួន លើការពិនិត្យចុងក្រោយរបស់ IAEA ខណៈការវាយតម្លៃឯករាជ្យរបស់កូរ៉េខាងត្បូង ត្រូវបានបញ្ចប់»។
រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បញ្ជាក់ ថា ទឹកនៅក្នុងរោងចក្រហ៊្វូគូស៊ីម៉ា ត្រូវបានចម្រោះ យកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ ហើយវាក៏នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះទេ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ៕










