កិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា «កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជានិងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ»។.png)
ឯកឧត្តម បានបន្តទៀតថា តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវនេះហើយ ទើបបានជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរឯកភាពគ្នាបង្កើតក្រុមការងារចម្រុះកម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បីរួមសហការគ្នាអនុវត្តផែនការសកម្មភាពនានាដែលមានបញ្ជាក់ក្នុងអនុស្សរណៈទ្វេភាគីខាងលើ សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត៕










