ប្រទេសសិង្ហបុរី ៖ តាមទិន្នន័យរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Savills បង្ហាញថា តម្លៃជួលបន្ទប់ស្នាក់នៅក្នុងទីតាំងល្អៗនៅប្រទេសសិង្ហបុរីបានកើនឡើងជាង២៦% នៅឆ្នាំ២០២២ ហើយចំនួននេះខ្ពស់ជាងនៅទីក្រុងឡុងដ៍ ទីក្រុងស៊ីដនី និងទីក្រុងញូវយ៉ក រហូតដល់២ដង ។ ការចំណាយក្នុងការរស់នៅកើនឡើងបានធ្វើឱ្យជនបរទេសធ្វើការនៅសិង្ហបុរីនាំគ្នាផ្លាស់ទីលំនៅទៅប្រទេសម៉ាឡេស៊ីវិញ ដោយសារនៅទីនោះ ការចំណាយផ្សេងៗលើជីវភាពប្រចាំថ្ងៃថោកជាង ។
កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទំនិញ និងសេវាកម្មផ្សេងៗ ស្មើ៨% នៅឆ្នាំ២០២៣ និង៩% នៅឆ្នាំ២០២៤ ។ ការដំឡើងពន្ធនេះបានធ្វើឱ្យលោក Benedikt Becker ជាជនបរទេសម្នាក់ធ្លាប់ធ្វើការក្នុងក្រុមហ៊ុនទីផ្សារមួយនៅប្រទេសសិង្ហបុរី បានសម្រេចចិត្តផ្លាស់ទៅរស់នៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលការចំណាយប្រាក់ក្នុងការរស់នៅតិចជាងសិង្ហបុរី ។ គេសង្កេតឃើញថា ការជួលបន្ទប់រស់នៅ និងតម្លៃទំនិញផ្សេងៗបានកើនឡើងយ៉ាងខ្លាំងនៅសិង្ហបុរី ក្រោយពីសេដ្ឋកិច្ចប្រទេសនេះងើបឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ។
បើទោះជាគ្មានទិន្នន័យពីការផ្លាស់ប្តូរទីលំនៅរបស់ជនបរទេសចេញពីសិង្ហបុរីជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនអន្តរជាតិផ្សេងៗក៏បានចាប់ផ្តើមស្វែងរកបុគ្គលិកពីក្រៅប្រទេសផងដែរ ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់ក្រុមហ៊ុន ។ ជនបរទេសមួយចំនួនបានផ្លាស់ទៅរស់នៅប្រទេសម៉ាឡេស៊ី ដែលមានព្រំដែនជាប់សិង្ហបុរី ខណៈពលរដ្ឋម៉ាឡេស៊ីប្រើប្រាស់ភាសាអង់គ្លេស ហើយការចំណាយផ្សេងៗក្នុងការរស់នៅថោកជាង ។
ទោះយ៉ាងណា សិង្ហបុរីនៅតែដើរតួនាទីសំខាន់ក្នុងការទាក់ទាញ CEO របស់ក្រុមហ៊ុនបានចុះបញ្ជីជាច្រើនរស់នៅប្រទេសសិង្ហបុរីបន្តទៀត ព្រោះអាចជិតស្និទ្ធជាមួយវិនិយោគិន និងក្រុមហ៊ុនភាគហ៊ុនឯកជន ។ ក្នុងអំឡុងពេលជនបរទេសបានផ្លាស់ចេញពីសិង្ហបុរី នៅមានជនបរទេសជានាយកគ្រប់គ្រងក្រុមហ៊ុនកម្រិតកំពូលបានចូលមកចាប់ឱកាសវិនិយោគក្នុងគម្រោង Overseas Networks & Expertise Pass (ONE Pass) កាន់តែច្រើន ។ វាជាគម្រោងផ្តល់ទិដ្ឋាការអនុញ្ញាតឱ្យជនបរទេសមានឋានៈខ្ពស់ៗអាចធ្វើការនៅក្រុមហ៊ុនជាច្រើនក្នុងពេលជាមួយគ្នាបាន ។ ម្យ៉ាងទៀត សិង្ហបុរីនៅតែទាក់ទាញវិនិយោគិនពីបណ្តាប្រទេសលោកខាងលិច ព្រោះសិង្ហបុរីមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ។![]()
បើទោះជាជនបរទេសបានផ្លាស់ទីលំនៅចេញពីសិង្ហបុរីក្តី ប៉ុន្តែសិង្ហបុរីនៅតែទទួលចំណាត់ថ្នាក់ទី១ ជាប្រទេសទាក់ទាញអ្នកមានសមត្ថភាពខ្ពស់ៗនៅអាស៊ីមកធ្វើការក្នុងប្រទេសរបស់ខ្លួន ។ នេះតាមការចាត់ចំណាត់ថ្នាក់របស់ INSEAD Global Competitiveness Index 2022 ។ លើសពីនេះ បើតាមលទ្ធផលការស្ទង់មតិរបស់ ECA International 2023 Location Ratings Survey បង្ហាញថា សិង្ហបុរីនៅតែទទួលតំណែងជាប្រទេសគួរឱ្យរស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ជនបរទេសធ្វើការនៅក្រៅប្រទេស ៕ ប្រភព ៖ AEC Connect










