ជារឿយៗនៅលើប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអ្នកជាប់ពាក់ព័ន្ធបានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យគោរពវិជ្ជាជីវៈរបស់ខ្លួនជាពិសេសការបំពានសិទិ្ធឯកជនរបស់អ្នកដទៃ។ ជាក់ស្តែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានមួយកាលពីវេលាម៉ោង១២កន្លះឈានចូលថ្ងៃទី១២ មិថុនា អ្នកសារព័ត៌មានមួយចំនួនបានជីកសួរនិងតាមតាមថតនារីម្នាក់ទាំងកំពុងមានទុក្ខ។
ហេតុការណ៍ខាងលើនេះ នៅលើបណ្តាញសង្គមរបស់ឯកឧត្តម ប៉ែន បូណា ក៏បានស្នើឱ្យអ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មាន Live ត្រូវគោរពក្រមសីលធម៌របស់ខ្លួនកុំបំពានសិទ្ធិបុគ្គលជាដាច់ខាត។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរយ៉ាងដូច្នេះថា«ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងឡាយជាពិសេសអ្នកផ្សាយផ្ទាល់(Live)តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ, គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទែឱ្យបានខ្ជាប់ខ្ជួន។ ការបំពានសិទ្ធិបុគ្គលឯកជនគឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ដែលត្រូវចៀស វាងជាដាច់ខាត»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានមួយចំនួនមិនបានគោរពក្រមសីលធម៌របស់ខ្លួនបំពានសិទ្ធិឯកជនរបស់អ្នកដទៃដោយគ្មានវិជ្ជាជីវៈប្រាសចាកអ្វីដែលក្រសួងបានអំពាវនាវកន្លងមកដោយមិនញញើតកោតក្រែង៕










