ប្រទេសឥណ្ឌូណេស៊ី ៖ BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ប្រទេសចិនបានត្រៀមខ្លួនចូលមកកាន់តំបន់អាស៊ាន ដើម្បីប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលជាក្រុមហ៊ុននាំមុខគេក្នុងតំបន់អាស៊ាន ។ ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីទី២ នៅភូមិភាគអាស៊ីអាគ្នេយ៍ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី ។
អ្នកវិភាគឯករាជ្យមកពីទីក្រុងសៀងហៃលើកឡើងថា អាស៊ាននឹងក្លាយជាទីផ្សារសំខាន់របស់បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមើលឃើញថា អាស៊ានមានចំនួនមនុស្សរស់នៅច្រើន ហើយមានតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនផងដែរ ។ ក្រុមហ៊ុន BYD បានសាងសង់រោងចក្រដំបូងគេនៅប្រទេសថៃ កាលពីខែមីនា ឆ្នាំ២០២៣ ។
ក្រៅពីប្រទេសឥណ្ឌូណេស៊ី ក៏មានប្រទេសវៀតណាម និងហ្វីលីពីនផងដែរបានព្យាយាមទាក់ទាញក្រុមហ៊ុន BYD មកសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួន ។ កន្លងមក នៅតំបន់អាស៊ានមានការលក់រថយន្តជាមធ្យមប្រមាណ៤លានគ្រឿងក្នុង១ឆ្នាំ ហើយនៅពេលរោងចក្ររបស់ក្រុមហ៊ុន BYD សាងសង់រួចរាល់ តំបន់អាស៊ាននឹងអាចផលិតរថយន្តអគ្គិសនីប្រមាណ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។
ក្រុមហ៊ុន BYD បានយកឈ្នះក្រុមហ៊ុន Tesla ហើយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើពិភពលោក ស្មើនឹង១,៨៦លានគ្រឿងកាលពីឆ្នាំ២០២២ ។ ចំណែកចំនួនលក់រថយន្តរបស់ក្រុមហ៊ុន BYD បានកើនឡើងដល់៣ដង បើធៀបនឹងឆ្នាំ២០២២ ខណៈក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គិសនីស្មើតែ១,៣១លានគ្រឿងប៉ុណ្ណោះ ។
ទោះយ៉ាងណា កាលពីឆ្នាំ២០២២ ការលក់រថយន្តអគ្គិសនីប្រើប្រាស់ថ្មតែម្យ៉ាង និងរថយន្តអគ្គិសនី Plug-in Hybrid នៅប្រទេសចិនរបស់ក្រុមហ៊ុន BYD
គឺស្មើប្រមាណ៦០% ឬស្មើ៦,៥លានគ្រឿង នៃចំនួនការលក់រថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោក ។ ក្រុមហ៊ុនរំពឹងថា ចំនួនការលក់រថយន្តអគ្គិសនីនៅប្រទេសចិននឹងកើនឡើង៣៥% ស្មើប្រមាណ៨,៨លានគ្រឿងនៅឆ្នាំ២០២៣ ហើយអាចនាំមុខក្រុមហ៊ុនរបស់ជប៉ុនផងដែរ ដែលជាក្រុមហ៊ុននាំចេញរថយន្តធំបំផុតនៅលើពិភពលោក ។
បើតាមការចុះផ្សាយរបស់ China Business បង្ហាញថា ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសចិនបាននាំចេញរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី ចំនួន១,០៧លានគ្រឿងនៅត្រីមាសដំបូងឆ្នាំ២០២៣ និងបានវ៉ាដាច់ក្រុមហ៊ុនជប៉ុនដែលបាននាំចេញរថយន្តចំនួន១,០៤លានគ្រឿង ៕
ប្រភព ៖ AEC connect










