តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ការទទួលឥទ្ធិពលនេះឱ្យកម្ពុជាមានភ្លៀងធា្លក់ លាយឡំ ដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣
ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C។ បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។
ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់៕










