អ្នកលេងបណ្តញសង្គមទិកតុកអាចស្គាល់ច្រើនពី ណាម ព្រោះនាងមាន Followers ជាង២លាននាក់ ហើយក៏ជាអតីតគូស្នេហ៍តារាចម្រៀងរ៉េបដ៏ល្បីម្នាក់ផងដែរ ខណៈនៅលើបណ្តាញសង្គមកំពុងពេញចិត្តពីភាពស្ងៀមស្ងាត់របស់នាងធ្វើខ្លួនធម្មតាៗ មិនទាញអ្នកណាដើម្បីតែភាពល្បីឡើយ។
មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តែស្រីស្រស់ ណាម កំពុងតែធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមពីភាពស្ងប់ស្ងាត់ របស់នាងទោះបីជាមានរឿងអ្វីផ្ទុះកក្រើកយ៉ាងណាក៏មិនទាញយកធ្វើជាប្រធានបទដើម្បីប្រជាប្រិយភាពឡើយជាពិសេសប្រធានបទពីអតីតគូស្នេហ៍។
ថ្មីៗនេះមានការលើកឡើងពីស្រីស្រស់ ណាម ថា «ស្រលាញ់កូនហ្នឹងណាស់ ធម្មតាៗ ស្ងៀមស្ងាត់ ស្អាត ថ្លៃថ្នូរ ពូកែគ្រប់យ៉ាង មិនចេះឈ្លោះ ទោះបរាជ័យរឿងស្នេហា តែមិនដែលរំលឹក មិននិយាយប៉ះពាល់គេ មិនតោងគេជាប្រធានបទ ដើម្បីល្បីអីទេ លូវក៏រឹងមាំមកវិញហើយ ហើយក៏មិនចេះឆ្លៀតឱកាស គ្រប់ផេក គ្រប់អខោន មានតែការងារ ការរកស៊ី ឡាយលក់ ហ្វេនក៏ច្រើន កុំមើលមនុស្សតែសំបកក្រៅ តាមរយៈការសាក់ ចង់និយាយថាគាត់សុភាពណាស់»។
ការលើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការយល់ស្រប ព្រមទាំងបង្ហាញការចូលចិត្ត និងគាំទ្រទៅដល់ ណាម ដែលជានារីម្នាក់ទោះបីខ្លួនជាអតីតសង្សារតារាល្បីប៉ុណ្ណា ក៏មិននិយាយជាប់ទាក់ទងជាមួយគេឡើយ រក្សាភាពស្ងៀមស្ងាត់ជាទីបំផុត។ ជាពិសេសមិនតែស្រស់ស្អាតទេ អ្នកគាំទ្ររបស់នាងក៏ពេញចិត្តសំឡេងរបស់ ណាម ដូចគ្នាព្រោះតែនាងអាចច្រៀងបានពីរោះ មិនចាញ់តារាចម្រៀងអាជីពឡើយ។
គួរបញ្ជាក់ផងដែរថា ណាម ជាអតីតគូស្នេហ៍របស់ វណ្ណដា ដែលអ្នកគាំទ្របានដឹងយ៉ាងទូលំទូលាយ ហើយអ្នកគាំទ្រមួយភាគធំក៏ចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញដូចគ្នា ទោះជាយ៉ាងណាពួកគេមិនអាចត្រឡប់វិលទៅដូចដើមវិញឡើយគ្រប់យ៉ាងបានបញ្ចប់ជាយូរមកហើយសល់ត្រឹមពាក្យជាមនុស្សធ្លាប់ស្រលាញ់គ្នាប៉ុណ្ណោះ៕