ប្រទេសថៃ ៖ កសិករដាំដំណាំស្វាយនៅខេត្តឧទ័យថានី ប្រទេសថៃ បានបង្ហាញពីក្តីអស់សង្ឃឹម ដោយសារតម្លៃស្វាយបានចុះថោកក្នុងរយៈពេល៣០ឆ្នាំ ហើយពួកគេមានបំណងកាប់ដើមស្វាយចោលទាំងអស់ ដើម្បីត្រៀមដាំដំឡូង និងពោតជំនួសវិញ ។ ពួកគេលើកឡើងថា នៅពេលស្វាយចេញផ្លែមក ឈ្មួញឱ្យតម្លៃថោកពេក ហើយមិនរួចថ្លៃចំណាយលើដើមទុនទេ ។
អ៊ំស្រីម្នាក់ឈ្មោះ អាំផៃ ផុងផានិជ អាយុ៦៣ឆ្នាំ ជាកសិករដាំស្វាយនៅឃុំថុងណាង៉ាម ស្រុកឡានសាក់ ខេត្តឧទ័យថានី បាននិយាយថា អ៊ំស្រីមានចម្ការស្វាយចំនួន១០០រ៉ៃ ហើយនៅឆ្នាំ២០២៣ នេះ តម្លៃស្វាយបានធ្លាក់ចុះខ្លាំងណាស់ គឺនៅសល់ត្រឹមតែពី២បាត ទៅ៥បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ ដូច្នេះ កសិករដាំស្វាយគ្រប់គ្នាត្រូវខាតបង់ដើមទុនយ៉ាងខ្លាំង ហើយពួកគេមិនអាចជួលកម្មករមកបេះស្វាយយកទៅលក់បានទេ ពីព្រោះមិនរួចថ្លៃជួលកម្មករ ។ ហេតុនេះ ទើបពួកគាត់ទុកស្វាយចោលនៅលើដើមតែម្តងទៅ ។
អ៊ំស្រី អាំផៃ បន្តថា គាត់បានប្រកាសឱ្យអ្នកភូមិមកប្រមូលស្វាយនៅលើដើម និងមិនយកប្រាក់ទេ ប៉ុន្តែគាត់ចាំបាច់ត្រូវជួលកម្មករមកប្រមូលស្វាយដែលជ្រុះនៅក្រោមដើមយកទៅបោះចោល ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ បន្ទាប់មក អ៊ំស្រីនឹងកាប់ដើមស្វាយចោលខ្លះៗហើយ ។
ដូចគ្នានេះដែរ អ្នកស្រី រុងរ៉ាឌី ផូណូយ អាយុ៥១ឆ្នាំ និយាយថា ផ្លែស្វាយនៅភូមិនេះល្បីល្បាញណាស់ ព្រោះកាលពីមុននេះ គេបាននាំចេញទៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលរាប់លានបាតក្នុង១ឆ្នាំ ប៉ុន្តែពេលនេះ បើគាត់ទុកដើមស្វាយបន្តទៀតឃើញថា វាគ្មានប្រយោជន៍អ្វីទេ ។ ដូច្នេះ ចាំបាច់ត្រូវកាប់ចោលដើម្បីត្រៀមដាំដំណាំផ្សេងជំនួសវិញ ។
ទោះយ៉ាងណា កសិករដាំស្វាយមួយចំនួនបានប្រមូលយកស្វាយទុំដើមមកកែច្នៃធ្វើជាដំណាប់ស្វាយដើម្បីទុកបានយូរ ប៉ុន្តែពួកគេក៏មិនដឹងថា តើអាចលក់ដាច់ឬអត់ ពីព្រោះក្នុងតំបន់នេះសុទ្ធតែនាំគ្នាដាំស្វាយទាំងអស់ ហើយអ្នកភូមិបានធ្វើដំណាប់ស្វាយគ្រប់គ្នា ៕ ប្រភព ៖ PPTV HD 36










