ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃរីករាយនឹងព័ត៌មានថា ក្រមាទទួលបានការចាប់អារម្មណ៍ពីជនបរទេសនៅក្នុងកម្មវិធី World Dance Day 2023 នៅប្រទេសឥណ្ឌូណេស៊ី ហើយលោកនាយករដ្ឋមន្ត្រីសន្យាថា នឹងជំរុញក្រម៉ាចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅកាន់អង្គការយូណេស្កូ ឱ្យបានឆាប់រហ័ស ។
កាលពីថ្ងៃទី២១ ខែឧសភា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសើរភ្នាក់ងារពាក់ព័ន្ធដែលបានយកក្រម៉ាទៅបង្ហាញក្នុងកម្មវិធី World Dance Day 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនបរទេសចូលទស្សនាកម្មវិធីនេះ ។ ពេលនេះ ប្រទេសថៃកំពុងស្នើចុះបញ្ជីក្រមាជាបេតិកភណ្ឌវប្បធម៌ (Intangible cultural heritage) ទៅកាន់អង្គការយូណេស្កូ (UNESCO) ផងដែរ ។
លោក Anucha Burapachaisri ថ្លែងថា នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានយកក្រមាដែលមានអត្តសញ្ញាណថៃទៅបង្ហាញក្នុងកម្មវិធី World Dance Day 2023 ដែលបានបើកឱកាសឱ្យយុវជនអាចបង្ហាញសមត្ថភាពសិល្បៈវប្បធម៌ជាតិ ហើយយុវជនថៃបានបង្ហាញក្រមាដើម្បីឱ្យជនបរទេសដឹងថា ក្រមាត្រូវបានពលរដ្ឋថៃប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រហូតក្លាយជាអត្តសញ្ញាណរបស់ថៃ ។
លោកបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងប្រជុំគណៈរដ្ឋមន្ត្រីបានឯកភាពគ្នាស្នើចុះក្រមាក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌ទៅកាន់អង្គការយូណេស្កូ ។ ការស្នើចុះឈ្មោះនេះ ដោយសារប្រទេសថៃបានពិចារណាពីគុណតម្លៃរបស់ក្រមាថា ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់វិស័យ និងសហគមន៍ ហើយបានបង្ហាញនូវអត្តសញ្ញាណថៃផងដែរ ។ លើសពីនេះ ក្រម៉ាអាចប្រើជាប្រយោជន៍បានច្រើន និងចងភ្ជាប់ជាមួយជីវភាពរស់នៅរបស់ពលរដ្ឋថៃ ដូចជា ការប្រើប្រាស់ក្នុងគ្រួសារ ការផ្លាស់ប្តូរក្រម៉ាក្នុងភូមិ និងទីប្រជុំជន រហូតដល់គេយកក្រមាធ្វើជារង្វាន់ និងប្រើប្រាស់ក្នុងកម្មវិធីនានា ។
ប្រទេសថៃលើកឡើងថា ខ្លួនមានភស្តុតាងផ្នែកប្រវត្តិសាស្ត្រដែលចង្អុលបង្ហាញថា ប្រទេសថៃបានប្រើក្រម៉ាតាំងពីសម័យឈៀងសានមកម្ល៉េះ ហើយក្រោយមក ប្រទេសថៃបានកែលម្អ និងអភិវឌ្ឍន៍គុណភាពក្រម៉ាបន្ថែមទៀត ដើម្បីអាចប្រើជាប្រយោជន៍បានច្រើនរហូតដល់បច្ចុប្បន្ននេះ ។
លោក Anucha Burapachaisri បញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្ត្រីថៃបានសុំកិច្ចសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញក្រម៉ារបស់ថៃទៅកាន់ពិភពលោក ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានសរសើរយុវជនថៃផងដែរ ដែលស្រឡាញ់ប្រទេសថៃ គាំទ្រ ជំរុញអត្តសញ្ញាណ និងវប្បធម៌ជាតិឱ្យពិភពលោកស្គាល់កាន់តែច្រើន ។ លោកនាយករដ្ឋមន្ត្រីនឹងជំរុញក្រម៉ាឱ្យបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូផងដែរ» ។
ជុំវិញការចុះបញ្ជីក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូនេះ អ្នកលេងបណ្តាញសង្គមថៃនិយាយថា ប្រទេសថៃប្រញាប់ចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូឱ្យបានឆាប់រហ័ស ព្រោះខ្លាចប្រទេសជិតខាងថា ក្រម៉ាជារបស់ខ្លួនទៀត ។ ផ្ទុយពីនេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា មិនគួរចុះឈ្មោះក្រម៉ាជារបស់ប្រទេសណាមួយទេ ពីព្រោះវាជាវប្បធម៌រួមគ្នា ។ ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ក្រម៉ាមានប្រភពមកពីមជ្ឈិមបូព៌ា ហេតុអ្វីប្រទេសថៃអះអាងថា ជារបស់ខ្លួន ? ប្រភព ៖ Thansettakij










