រដ្ឋធានីកៀវ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់បណ្ដាប្រទេសបស្ចិមលោក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុងកៀវ រំពឹង ថា នឹងទទួលបានយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក ពីប្រទេសជាដៃគូ នៅលោកខាងលិច ហើយមេដឹកនាំនៅតំបន់អឺរ៉ុបជាច្រើនកំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៧ ខែឧសភា ថា លោករីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ បានព្រមព្រៀងគ្នា បង្កើតសម្ពន្ធភាពចម្រុះអន្ដរជាតិមួយ សម្រាប់ផ្ដល់យន្ដហោះចម្បាំង ប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ គ្រឿងចម្បាំងដ៏សំខាន់ប្រភេទនេះ គឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កំពុងតែស្វែងរកនូវការគាំទ្រពីសម្ពន្ធមិត្តលោកខាងលិច អស់រយៈពេលជាយូរមកហើយ សម្រាប់ជួយដល់ប្រទេសរបស់គាត់ ដែលកំពុងតែប្រយុទ្ធនឹងកម្លាំងទាហានរុស្ស៊ី។
អ្នកនាំពាក្យ ការិយាល័យវិមានដោនីងស្ដ្រីត (Downing Street) របស់លោក ស៊ូណាក់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ីស្លង់ដ៍ (Iceland) ថា «លោកនាយករដ្ឋមន្រ្ដី ស៊ូណាក់ និង លោកនាយករដ្ឋមន្រ្ដី រូតតេ បានឯកភាពគ្នា ថា ពួកគាត់នឹងបង្កើតសម្ពន្ធភាពអន្ដរជាតិចម្រុះមួយ ដើម្បីផ្ដល់សមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស ដោយគាំទ្រដល់បញ្ហាផ្សេងៗទៀត ចាប់ពីការហ្វឹកហ្វឺន រហូតដល់ការទិញយន្ដហោះ F-16 ជាច្រើនគ្រឿងផងដែរ។
សមាជិកភាគច្រើនរបស់អង្គការណាតូ នៅតំបន់អឺរ៉ុប នៅតែរក្សាជាចំហ អំពីលទ្ធភាពបញ្ជូនយន្ដហោះចម្បាំងរបស់ពួកគេ ប្រភេទ F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង កាលពីខែមករា ថា សហរដ្ឋអាមេរិក នឹងមិនធ្វើដូច្នេះក្ដី។
បើតាមក្រុមអ្នកជំនាញការពារដែនអាកាស បានបញ្ជាក់ ថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក នឹងផ្តល់ឱ្យនូវភាពខ្លាំងក្លាដល់អ៊ុយក្រែន ជាងកងទ័ពអាកាសរបស់រុស្ស៊ី។ ប៉ុន្តែប្រសិនបើរួមបញ្ចូលជាមួយមីស៊ីលដ៏មានអានុភាពខ្លាំង និង ព័ត៌មានគោលដៅ ដែលលោកខាងលិច នឹងត្រូវផ្តល់ឲ្យផង រឹតតែធ្វើឲ្យសមត្ថភាពវាយប្រហារតាមដែនអាកាសរបស់អ៊ុយក្រែន កាន់តែខ្លាំងឡើងបន្ថែមទៀត។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងប្រថុយប្រថាន ចំពោះការអូសទាក់ទាញសម្ពន្ធមិត្តរបស់លោកខាងលិច ធ្លាក់ចូលទៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ផងដែរ។
លោកនាយករដ្ឋមន្រ្ដី រូតតេ បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា គាត់ និង លោក ស៊ូណាក់ បាននិយាយគ្នា អំពីបញ្ហាជាច្រើន ដោយយើងកំពុងតែធ្វើការរួមគ្នា ហើយបន្ដចូលរួមគាំទ្រដល់អ៊ុយក្រែន នៅក្នុងការប្រឈមមុខ ជាមួយនឹងការលុកលុយរបស់រុស្ស៊ី។ បណ្ដាប្រទេសលោកខាងលិច បានប្រុងប្រយ័ត្ន ចំពោះការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗ ជួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែមានការព្រួយបារម្ភ ថា ការប្រើប្រាស់យន្ដហោះចម្បាំងដ៏ទំនើបរបស់ពួកគេ អាចនឹងធ្វើឲ្យសង្គ្រាមនេះ កាន់តែរីករាលដាលធំឡើងបន្ថែមទៀត។
ស្របគ្នានេះដែរ លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីថ្ងៃចន្ទ ក៏បានបញ្ជាក់ ថា ប្រទេសរបស់គាត់ បានបើកទ្វារចំហ សម្រាប់ការបណ្ដុះបណ្ដាល ដល់អាកាសយានិកយន្ដហោះចម្បាំងរបស់អ៊ុយក្រែន បើទោះជាគាត់មិនរាប់បញ្ចូលជាមួយនឹងការបញ្ជូនយន្តហោះចម្បាំង ទៅឱ្យកងទ័ពអ៊ុយក្រែន យ៉ាងណាក្ដី។
ការអះអាងរបស់មេដឹកនាំរបស់ប្រទេសមហាអំណាចទាំងនេះ បានកើតឡើង ស្របពេលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប រួមមាន ហូល្លង់ដ៍ បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាលពីប៉ុន្មានថ្ងៃមុនេះ។ ការផ្គត់ផ្គង់ F-16 នេះ កំពុងតែមានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ រវាងចក្រភពអង់គ្លេស ដាណាម៉ាក និង ប៊ែលហ្ស៊ិក ខណៈក្រុងអាមស្ទឺរដាម (Amsterdam) និង ក្រុងឡុងដ៍ ក៏កំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះចម្បាំងនេះដែរ៕










