កាលពីយប់មិញ ការប្រកួតបាល់ទាត់នៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយ ដោយឥណ្ឌូនេសុីបានគ្រងមេដាយមាស ក្រោយបំបាក់ថៃក្នុងលទ្ធផល៥-២។
នៅក្នុងការប្រកួតដ៏ចម្រូងចម្រាស់នេះ មានការប៉ះទង្គិចគ្នាជាខ្លាំង រវាងកីឡាករនិងគ្រូបង្វឹករបស់ក្រុមទាំងពីរ ដែលបានបង្កជាអំពើហិង្សានៅក្នុងទីលាន។ ក្នុងនោះកីឡាករថៃ២នាក់បានទទួលកាតក្រហម ខណៈឥណ្ឌូនេសុីទទួលបានកាតតែក្រហមតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យឥណ្ឌូនេសុី អាចយកឈ្នះថៃបានយ៉ាងងាយស្រួល និងក្តោបបានមេដាយមាស។
ក្រោយពីបញ្ចប់ការប្រកួត នៅក្នុងពិធីបំពាក់មេដាយ កីឡាករថៃម្នាក់បានគប់មេដាយប្រាក់ចោល ទៅកាន់អ្នកគាំទ្រ ដោយទឹកមុខខឹងសម្បារជាខ្លាំង។ លើសពីនេះទៅទៀតកីឡាករថៃរូបនេះ ក៏បានគប់ចោលតុក្កតា(Mascot) ដែលជារូបតំណាងឱ្យព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជា ដែលវាហាក់បង្ហាញអំពើមិនគោរពដល់ម្ចាស់ផ្ទះ។
ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រកម្ពុជាបានបញ្ចេញមតិជាច្រើនទៅលើទង្វើកីឡាកររូបនេះ ដោយអ្នកខ្លះបានលើកឡើងថា៖”ទង្វើរបស់អ្នកបញ្ចាក់ពីចរិករបស់អ្នក រួមទាំងប្រទេសរបស់អ្នកផងដែរ #thailand #U22Thailand
អ្នកខ្លះទៀតលើកឡើងថា “ប្រទេសអសីលធម៌ ទើបសម្បូរមនុស្ស អសីលធម៌ ប្រទេសនេះរីកចម្រើនបានដោយ ការឈ្នានីស ចង់បានតែលទ្ធភាពទៅមិនដល់ #thailand
តែយ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ គេមិនទាន់ដឹងនៅឡើយនោះទេថា តើកីឡាថៃនោះ មានគោលបំណងអ្វីបានជាគប់ទាំងមេដាយប្រា់ក់ និងរូបតុក្កតា(Mascot) ចោលយ៉ាងនេះ៕










