ប្រទេសចិន ៖ សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយពីហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងនៅប្រទេសចិន គឺមានក្រុមគ្រួសារមួយមានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ ដែលមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ និងរៀននៅថ្នាក់មត្តេយ្យ ។ ក្មេងតូចបម្រុងនឹងត្រូវបានគេជួញដូរ ប៉ុន្តែសំណាងល្អដែលម្តាយរបស់នាងយកចិត្តទុកដាក់នឹងពាក្យសម្តីរបស់កូន ។
សារព័ត៌មានចុះផ្សាយថា នៅថ្ងៃមួយ ម្តាយបានទៅទទួលកូនស្រីចេញពីសាលារៀនត្រឡប់មកផ្ទះវិញ ហើយឃើញខ្នងដៃរបស់កូនមានរូបសញ្ញាប្លែកៗស្រដៀងនឹងរូបផ្កា ហើយដោយសារការងឿយឆ្ងល់ ម្តាយបានសួរទៅកាន់កូនថា តើកូនបានសញ្ញានៅលើខ្នងដៃនេះតាមរបៀបណា ?
កូនស្រីក៏រៀបរាប់ថា ក្រោយពីចេញពីបន្ទប់រៀន និងរង់ចាំម្តាយមកទទួលទៅផ្ទះវិញ ស្រាប់តែមានអ្នកគ្រូម្នាក់ដើរមកជ្រើសរើសក្មេងៗយកទៅរៀនរាំអេរ៉ូបិក ។ បន្ទាប់មក អ្នកគ្រូបានគូរសញ្ញានេះនៅលើខ្នងដៃក្មេងៗ ព្រមទាំងណាត់ឱ្យក្មេងៗមករង់ចាំនៅទ្វារក្រោយសាលារៀននាថ្ងៃបន្ទាប់ ។ អ្នកគ្រូប្រាប់ថា នឹងឱ្យរង្វាន់ បើអ្នកណាអាចរាំបានស្អាត គឺនឹងនាំទៅញ៉ាំសាច់មាន់ចៀន ។ កូនស្រីបន្តថា នេះជាសញ្ញាសម្ងាត់របស់អ្នកគ្រូ ហើយអ្នកគ្រូប្រាប់ថា កុំប្រាប់ឪពុកម្តាយឱ្យសោះ ។
បន្ទាប់ពីម្តាយស្តាប់កូនរៀបរាប់រួច ក៏មានអារម្មណ៍ចម្លែកចិត្តជាខ្លាំង ។ ម្តាយសង្ស័យ និងយល់ថា វាមិនមែនជាហេតុការណ៍ធម្មតាទេ ហើយក៏បានទៅប្តឹងប៉ូលិស និងរៀបរាប់រឿងរ៉ាវទាំងអស់ឱ្យប៉ូលិសស្តាប់ ។ ប៉ូលិសក៏បានរៀបគម្រោងមួយទៅរង់ចាំជួបអ្នកគ្រូនោះនៅទ្វារខាងក្រោយសាលារៀន ហើយក៏អាចចាប់ខ្លួនអ្នកគ្រូបានតែម្តង ។ ប៉ូលិសនិយាយថា នារីម្នាក់នេះនិយាយថា ខ្លួនជាគ្រូបង្រៀន ប៉ុន្តែការពិត នាងជាក្រុមជួញដូរកុមារ ។
សំណាងល្អដែលស្ត្រីជាម្តាយរូបនេះយកចិត្តទុកដាក់ចំពោះរឿងដែលកើតឡើង និងសង្កេតពីភាពខុសប្រក្រតីបានទាន់ពេលវេលា ហើយនាងបានជួយជីវិតកូនស្រីរបស់ខ្លួន និងក្មេងដទៃទៀតមិនឱ្យធ្លាក់ក្នុងដៃជនខិលខូច ៕
ប្រភព ៖ chiangmai news










