ប្រទេសកម្ពុជា ៖ កីឡាករថៃម្នាក់បានថតវីដេអូបង្ហាញផ្ទះស្នាក់នៅរបស់កីឡាករ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយកីឡាកររូបនេះសរសើរថា នៅទីនេះ មានការរៀបចំល្អ ហើយមិនដូចអ្វីដែលពលរដ្ឋថៃនាំគ្នារិះគន់នោះទេ ។
នៅថ្ងៃទី៨ ខែឧសភា ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានចូលដល់ថ្ងៃទី៣ នៃការប្រកួតជាផ្លូវការ ហើយកីឡាករភាគច្រើនបានធ្វើដំណើរទៅស្នាក់នៅសណ្ឋាគារក្នុងក្រុង ចំណែកកីឡាកររបស់ប្រទេសមួយចំនួន ក៏ដូចជាកីឡាករថៃខ្លះបានមកស្នាក់នៅក្នុងផ្ទះស្នាក់នៅកីឡាករ ។
បើតាមហ្វេសប៊ុករបស់កីឡាករថៃម្នាក់ឈ្មោះ តុន រ៉ាជណាវី ជាក្រុមជម្រើសជាតិថៃ ដែលបានមកប្រកួតកីឡាស៊ីហ្គេមលើកនេះ បានធ្វើដំណើរទៅកាន់ផ្ទះស្នាក់នៅកីឡាករ ។ កីឡាករថៃរូបនេះនិយាយថា មុនពេលខ្លួនមកប្រកួតនៅកម្ពុជា មានព័ត៌មានថា ផ្ទះស្នាក់នៅកីឡាករសាងសង់មិនទាន់រួចរាល់ ឬព័ត៌មានខ្លះចុះផ្សាយថា មិនសមក្នុងការស្នាក់នៅទេ គឺផ្ទះ១ល្វែងស្នាក់នៅបានតែ១៣នាក់ប៉ុណ្ណោះ ហើយមានបន្ទប់ទឹកមិនគ្រប់គ្រាន់ ។
ប៉ុន្តែក្នុងឃ្លីបវីដេអូដែលកីឡាករ តុន រ៉ាជណាវី ថតបង្ហោះបង្ហាញថា ផ្ទះស្នាក់នៅកីឡាករមានលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ហើយពួកគេអាចចុះមកញ៉ាំម្ហូបអាហារនៅជាន់ក្រោមទៀតផង ។ លើសពីនេះ មានជណ្តើរយន្តឡើងគ្រប់ជាន់ ហើយកីឡាករទាំងអស់មិនចាំបាច់ដើរនាំតែហត់នឿយទេ ។ ក្នុងឃ្លីបវីដេអូនេះ មានពលរដ្ឋថៃចូលមកសរសើរជាច្រើននាក់ ក្រោយពីពួកគេបានមើលវីដេអូរួច ។
បើតាមវីដេអូឃ្លីបនេះ កីឡាករថៃរៀបរាប់ថា ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលផ្ទះស្នាក់នៅរបស់កីឡាករមានលក្ខណៈបែបណាខ្លះ ហើយវាដូចនឹងសារព័ត៌មានចុះផ្សាយឬទេ ? កីឡាកររូបនេះរៀបរាប់ថា នៅទីនេះ មានដណ្តើរយន្តឡើងទៅកាន់ជាន់នីមួយៗដូចខុនដូដែរ ហើយក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនមានម៉ាស៊ីនត្រជាក់ គឺត្រជាក់ខ្លាំងណាស់ ព្រមទាំងមានសួននៅខាងក្រោយផងដែរ ។ លើសពីនេះ មានបន្ទប់ទឹកស្អាត ហើយទឹកក្នុងបន្ទប់ទឹកចេញខ្លាំងងាយស្រួលប្រើប្រាស់ ។
ចំណែកបន្ទប់ញ៉ាំអាហារវិញមានទំហំធំណាស់ និងវែងទៀតផង ក្នុងនោះសម្រាប់អាហារពេលព្រឹកមានដូចជា ទឹកដោះគោ កាហ្វេ និងទឹកផ្លែឈើសម្រាប់កីឡាករបរិភោគ ។ លើសពីនេះ នៅផ្នែកខាងក្រោយ មានការរៀបចំផ្លែឈើ នំប៉័ង បាយស ម្ហូបជាច្រើនមុខ និងគ្រឿងផ្សំផ្សេងៗដូចនៅប្រទេសថៃដែរ ហើយអាហារសុទ្ធតែឆ្ងាញ់ៗ ដែលកីឡាករថៃអាចបរិភោគបាន ។ ជាចុងក្រោយ កីឡាករ តុន រ៉ាជណាវី និយាយថា មិនចាំបាច់បារម្ភពីពួកគេទេ ៕ ប្រភព ៖ Thairath










