Home ព័ត៌មានអន្តរជាតិ ភ្ញាក់ផ្អើលពេញអាកាសយានដ្ឋាន ដោយសារស្ត្រីម្នាក់ធ្វើរឿងមួយនេះ

ភ្ញាក់ផ្អើលពេញអាកាសយានដ្ឋាន ដោយសារស្ត្រីម្នាក់ធ្វើរឿងមួយនេះ

198
0

ប្រទេសឥណ្ឌា ៖ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកដំណើរក្នុងអាកាសយានដ្ឋាននៅប្រទេសឥណ្ឌា ដោយសារភ្នាក់ងារបម្រើការនៅអាកាសយានដ្ឋាននេះបានពិនិត្យសម្ភារៈធ្វើដំណើររបស់ស្ត្រីម្នាក់ ហើយរកឃើញថា មានអ្វីខុសប្រក្រតីលាក់ក្នុងនោះ ។ អ្វីដែលគេពិនិត្យឃើញក្នុងសម្ភារៈនោះ បានធ្វើឱ្យភ្នាក់ងារបម្រើការនៅអាកាសយានដ្ឋានភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញពស់នៅរស់ចំនួន២២ក្បាល និងបង្កួយ១ក្បាល ត្រូវបានញាត់ចូលក្នុងសម្ភារៈរបស់ស្ត្រីរូបនេះ ។

កាលពីថ្ងៃទី២៨ ខែមេសា កន្លងមក ភ្នាក់ងារបម្រើការនៅអាកាសយានដ្ឋាន Chennai បានបង្ហោះរូបភាពសត្វពស់នៅក្នុងអាកាសយានដ្ឋាន និងបញ្ជាក់ថា មានស្ត្រីម្នាក់បានធ្វើដំណើរមកពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋាន Chennai តាមជើងហោះហើរ AK13 ។ តាមការពិនិត្យសម្ភារៈរបស់នាងពេលមក check in ឃើញថា មានពស់ចំនួន២២ក្បាល និងបង្កួយ១ក្បាល ក្រោយមក ប៉ូលិសក៏បានឃាត់ខ្លួននាងដើម្បីចាត់ការតាមផ្លូវច្បាប់ ។ នាងនិយាយថា នាងលួចយកពស់ទាំងនេះទៅលក់បន្ត ។

ទោះយ៉ាងណា សារព័ត៌មានក្នុងស្រុកផ្តល់ព័ត៌មានបន្ថែមថា ពស់ និងបង្កួយ ត្រូវបានលាក់ទុកក្នុងប្រអប់ផ្លាស្ទិកពណ៌ស ដាក់ក្នុងឡាំងក្រដាសមួយ ។ នៅពេលគេបើកប្រអប់មើល ក៏ប្រទះឃើញពស់លូនចេញមកក្រៅពេញអាកាសយានដ្ឋាន ហើយភ្នាក់ងារបម្រើការក្នុងអាកាសយានដ្ឋានបានព្យាយាមប្រើឧបករណ៍ចាប់ពស់ទាំងនេះដើម្បីគ្រប់គ្រងស្ថានការណ៍ ។

លោក Abdul Bahai ប្រធានផ្នែកបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP) របស់ប្រទេសឥណ្ឌា និយាយថា តាមទិន្នន័យនៅខែមេសា ឆ្នាំ២០២២ បង្ហាញថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោម១០ប្រទេស ដែលបានលួចរត់ពន្ធសត្វព្រៃខុសច្បាប់តាមជើងយន្តហោះ ។ បើតាមទិន្នន័យពី UNEP បង្ហាញថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ អាកាសយានដ្ឋានដែលមានការលួចលាក់ដឹកជញ្ជូនសត្វព្រៃច្រើនបំផុត គឺអាកាសយានដ្ឋាន Chennai បន្ទាប់មក អាកាសយានដ្ឋានមុមបៃ និងអាកាសយានដ្ឋានដេលី ៕ ប្រភព ៖ khaosod