ផ្ទាំងទស្សនីយ៍ភាពដ៏មហស្ចារ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យពិភពលោកកាន់តែឃើញច្បាស់ពីកំណើតនគរខ្មែរ ជាប្រទេសចំណាស់មួយនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់។ ការរៀបចំព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ភ្ញៀវបរទេស ដែលចូលរួមដោយផ្ទាល់ និងមិនបានចូលរួមដោយផ្ទាល់ក្តី។
ទន្ទឹមនឹងកម្មវិធីបញ្ចប់ទៅដោយរលូន មហាជនបានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំ អ្នករៀបចំព្រឹត្តិការណ៍ សិល្បករ សិល្បការិនី ដែលបានចូលរួមសម្តែងផ្ទាំងទស្សនីយ៍ភាពផ្សេងៗជាច្រើនឆ្លុះបញ្ចាំងពីអរិយធម៌កម្ពុជានោះ មហាជនក៏មិនភ្លេចសម្តែងនូវការគោរព កោតសរសើរដល់អ្នករៀបចំក្រៅឆាក ដែលពួកគាត់បានលះបង់ទាំងកម្លាំងកាយចិត្តនៅពីក្រោយពីផ្ទាំងទស្សនីយ៍ដែលប្រជាជនបានទស្សនា។
ជាក់ស្តែង វីដេអូមួយបង្ហោះនៅលើទិកតុក បានបង្ហាញពីសកម្មភាពក្រុមការងាររៀបចំនៅក្នុងកម្មវិធីប្រើកម្លាំងដោយផ្ទាល់ កំពុងធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយឃើញពីការលះបង់ខ្លាំងណាស់របស់ក្រុមការងារដែលធ្វើបង្កឱ្យកម្មវិធីប្រព្រឹត្តនិងបញ្ចប់ទៅដោយរលូន ផ្តល់ការចងចាំដ៏ល្អដល់ប្រជាតិខ្មែរទាំងមូល។
មហាជន បានសម្តែងនូវការគោរព អរគុណសម្រាប់ការលះបង់របស់ក្រុមការងារនៅក្រៅឆាកទោះពួកគាត់មិនបានសម្តែងឱ្យទស្សនិកឃើញក្តី ប៉ុន្តែក្រុមការងារជាចំណែកមួយដែលអាចឱ្យផ្ទាំងទស្សនីយ៍ភាពដ៏ល្អឯកលេចចេញជារូបរាងឱ្យទស្សនិកជនឃើញបាន៕
@user5978223968636 នេះជាសកម្មភាពនៅក្រោមប្រទេសពួកខ្ញុំទាំងអស់គ្នាខំប្រឹងដើម្បីឲ្យពិភពលោកបានស្គាល់










