នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។
អគាររដ្ឋបាលសាលាខេត្តព្រៃវែង សាងសង់លើផ្ទៃដីទំហំ ៣៥.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មាន៤ខ្នង កម្ពស់៤ជាន់ ស្មើ២២៣បន្ទប់ សាលប្រជុំ៦ ក្នុងនោះសាលធំ១ អាចផ្ទុកអ្នកចូលរួមប្រមាណ៥០០នាក់ សាលមធ្យម២ អាចផ្ទុកបានប្រមាណ១០០នាក់ និងសាលតូច៣ អាចផ្ទុកអ្នកចូលរួម២៥នាក់ ហើយក្រៅពីនោះ មានសាលប្រជុំសម្រាប់នាយករដ្ឋបាល នាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត បណ្ណសារ ១បន្ទប់ បន្ទប់ប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យា ១បន្ទប់ បន្ទប់ទទួលភ្ញៀវ ២បន្ទប់ បន្ទប់រង់ចាំ ២បន្ទប់ បន្ទប់បច្ចេកទេស ១បន្ទប់ បន្ទប់ដាក់សម្ភារៈ ១២បន្ទប់ បន្ទប់តែកាហ្វេ ៤ បន្ទប់ បន្ទប់អគ្គិសនី ១បន្ទប់ បន្ទប់ម៉ូទ័រទឹក ១បន្ទប់ ឃ្លាំង ១បន្ទប់ និងបន្ទប់ទឹក ៧៦បន្ទប់។
អគារនេះក៏មានបណ្ដាទឹកស្អាត បណ្ដាញទឹកកខ្វក់ បណ្ដាញអគ្គិភ័យ បណ្ដាញអគ្គិសនី ម៉ាស៊ីនត្រជាក់ បណ្ដាញអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធខាងក្នុង និងខាងក្រៅ ខ្លោងទ្វារច្រកចេញចូល ប៉ុស្តិ៍យាម អគារកីឡា បន្ទប់ទឹកសាធារណៈ ចំណតថយន្ត សួនច្បារសាលាខេត្ត និងរបងព័ទ្ធជុំវិញប្រវែងជាង ៦៣៩ម៉ែត្រ។ សម្រាប់ការចំណាយសាងសង់ទាំងមូល ឯកឧត្តមបានបញ្ជាក់ជូនសម្ដេច និងអង្គពិធីថា មានចំនួនទឹកប្រាក់ ៥១.០០០.០០០.០០០ រៀល (ហាសិបមួយប៊ីលានរៀល)។ ក្រៅពីនេះ ក៏មានការគាំទ្រជាជំនួយសម្ភារៈបរិក្ខាផ្សេងៗទៀតពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសប្បុរសជន៕











