រស្ងប់ស្ងែងរួមទាំងបង្កប់អត្ថន័យជ្រាលជ្រៅ

«មហានគរ is on the way ផ្តើមមកពីបាតដៃទទេ ខ្ញុំសរសេរនូវសំណេរ មួយនេះពេញដោយមោទកភាព!» នេះជាការលើកឡើងរបស់តារាចម្រៀង ងួន ចាន់ដេវីត ក្រោយពីទម្លាក់បទថ្មីរបស់ខ្លួនទាំងព្រឹកនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

«មហានគរ» ជាវណ្ណកម្មថ្មីមួយទៀតរបស់តារាចម្រៀង ជី ដេវីត ដែលកំពុងទទួលបានការស្ងប់ស្ងែងពីព្រោះទំនុកច្រៀងបានឆ្លុះបញ្ចាំងពី មហានគរខ្មែរ រំលេចពីដំរីក្បាលបីកណ្តឹងសាមពាន់ ដែលជារឿងព្រេងល្បីមួយរបស់ខ្មែរ ខណៈកាលពីសម័យមុនសត្វដំរីគឺជាយាងជំនិះរបស់ស្តេច។ មិនត្រឹមតែប៉ុណ្ណោះ ជី ដេវីត ក៏បានលើកឡើងពីសិល្បៈគុនខ្មែរដែលល្បីដូចផ្គរលាន់ និងនិយាយពីប្រាសាទបាយ័នមានភាពរឹងមាំទុកធ្វើជាកេរ្តិ៍ដល់កូនចៅជំនាន់ក្រោយ។
លើសពីនេះ បទមហានគរ ក៏បានលើកឡើងទៀតថា មើលផ្កាយសំណាង ប្រតិដ្ឋានចំកណ្តាលផែនដី ផុសឡើងក្នុងបូរីនៃភាគនារតី ហៅថាអង្គរ ស្នូលវប្បធម៌ឈាមខ្មែរថែរក្សាផ្តាច់ប្តូររួមគ្នាលើកស្ទួយនគរក្រាបបង្គំសុំពរបំភ្លឺភ្លើងជ័យ ដែលពេញដោយអត្ថន័យជ្រាលជ្រៅ ព្រោះភ្លើងគប់ស៊ីហ្គេម គឺធ្វើឡើងនៅលើទឹកដីអង្គរវត្ត បានប្រារព្ធព្រះរាជពិធីសុំភ្លើង ព្រះអគ្គីកីឡា ដោយអង្គព្រះមហាក្សត្រនៃកម្ពុជាកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អគឺពេលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលសុំភ្លើងអាទិទេពមកធ្វើជាភ្លើងគប់។
បន្ថែមលើនេះ បទនេះក៏បង្ហាញពីប្រទេសកម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ដែលឆ្លុះបញ្ចាំងឱ្យដឹងថា ជាប្រវត្តិសាស្រ្តព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្តល់ការស្នាក់នៅដោយឥតគិតថ្លៃដល់គណៈប្រតិភូកីឡាទាំងអស់ដែលចូលរួម។

ក្នុងបទចម្រៀងដែលបង្កប់អត្ថន័យជ្រាលជ្រៅខាងលើ ពីស្នាដៃថ្មីរបស់តារាចម្រៀង ជី ដេវីត ងាកទៅកាន់ទំនុកភ្លេងវិញបាន លាយឡំឧបករណ៍បុរាណខ្មែរ ស្រឡៃ និងឧបករណ៍បុរាណខ្មែរផ្សេងទៀតកាន់តែពីរោះរណ្តំនៅក្នុងចិត្ត។ ស្នាដៃថ្មីនេះ អ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត បានពោលសរសើរមិនដាច់ពីមាត់ និងកោតស្ងប់ស្ងែងពីសមត្ថភាពរបស់តារាចម្រៀងរូបនេះណាស់ ជាក់ស្តែងដូចបទ «វីរៈនារី» ជាដើមសុទ្ធតែទទួលបានការគាំទ្រនិងបង្កប់អត្ថន័យជ្រាលជ្រៅបង្ហាញភាពជាខ្មែរ៕