យោងតាមគណនីហ្វេកប៊ុកមួយឈ្មោះថា « Ah Leak » បានអះអាងថាលោក គឹម បញ្ញា ត្រូវជាស្វាមី មានតួនាទីជា អភិបាលរងក្រុងបូកគោ ខេត្តកំពត បានប្រើប្រាស់អំពើហិង្សាម្តងហើយម្តងទៀតមកលើខ្លួន ហើយនារីរូបនេះក៏បានស្នើដល់អភិបាលខេត្តកំពតជួយរកយុត្តិធម៌ឱ្យខ្លួនផងដែរ។
គណនីខាងលើបានរៀបរាប់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា «នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់ នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថាគាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត» ។
នារីខាងលើបានបន្ថែមទៀតថា «មកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនិង video ទាំងនេះដើម្បីឱ្យបងប្អូននិងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះសមជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ំពូមីង ទាំងអស់ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាប និងជួយរកយុតិ្តធម៌មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ»។
ការបង្ហោះសារពីគណនី « Ah Leak » ដែលរងអំពើហិង្សានេះ បានធ្វើឱ្យមហាជនចែករំលែករួមជាមួយការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ទោះយ៉ាងណា ប្រសិនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បកស្រាយយ៉ាងណាជុំវិញរឿងនេះ យើងខ្ញុំនឹងជម្រាបជូនបន្តទៀត៕














