ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមេសា កន្លងមក នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ប្រទេសថៃនឹងមានអាកាសធាតុក្តៅ ហើយមានសីតុណ្ហភាពស្មើ៤៣អង្សារសេនៅទូទាំងប្រទេស ។ នៅតំបន់ខ្លះរបស់ថៃនឹងគ្របដណ្តប់ដោយអាកាសធាតុក្តៅខ្លាំង ខណៈមានខ្យល់ពីទិសខាងលិច និងខាងត្បូង បានបក់មកលើប្រទេសថៃ ជាពិសេស ភាគខាងជើងប្រទេស ។
តំបន់មួយចំនួនក្នុងប្រទេសថៃនឹងទទួលរងនូវផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងនោះនៅតំបន់ខ្លះនៅភាគខាងជើងប្រទេសថៃ និងភាគឦសាន នឹងមានទឹកកកធ្លាក់ ។ រដ្ឋាភិបាលថៃបានសំណូមពរថា សូមឱ្យពលរដ្ឋរស់នៅភាគខាងជើងប្រទេសទាំងអស់មើលថែទាំសុខភាព ដោយសារថៃមានអាកាសធាតុក្តៅខ្លាំង ហើយប្រយ័ត្នកើតគ្រោះថ្នាក់ដោយសារទឹកភ្លៀង ផ្គររន្ទះ និងខ្យល់បក់ខ្លាំងផងដែរ ។ លើសពីនេះ ខ្យល់បក់ពីទិសពាយ័ព្យ និងខ្យល់បក់មកលើសមុទ្រ Andaman ស្ថិតនៅភាគខាងត្បូងប្រទេសថៃ និងឈូងសមុទ្រថៃ បានធ្វើឱ្យភាគខាងត្បូងប្រទេសមានព្យុះផ្គររន្ទះកើតឡើងនៅតំបន់ខ្លះ ។
នាយកដ្ឋានឧតុនិយមបន្តថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ តំបន់សម្ពាធខ្ពស់ និងម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិននឹងគ្របដណ្តប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង ខណៈតំបន់ភាគខាងជើងប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ផងដែរ ។ លើសពីនេះ វាចាប់ផ្តើមមានឥទ្ធិពលនៅភាគឦសាន្ត និងភាគខាងកើតប្រទេស រីឯតំបន់ផ្សេងៗនឹងរងផលប៉ះពាល់បន្តបន្ទាប់គ្នា ។
ម្យ៉ាងទៀត តំបន់ភាគខាងជើងប្រទេសថៃបានប្រមូលផ្តុំដោយធូលីកខ្វក់ ខណៈគ្មានខ្យល់អាកាសបរិសុទ្ធ ចំណែកភាគខាងត្បូងប្រទេសវិញមានធូលីកខ្វក់តិច ។ មន្ត្រីឧតុនិយមបានណែនាំថា ពលរដ្ឋគួរចៀសវាងទៅកាន់ទីវាលដែលក្តៅខ្លាំង ឬនៅក្រោមដើមឈើធំៗ ឬនៅក្រោមផ្ទាំងឃោសនាមិនរឹងមាំ ។ លើសពីនេះ គួរចៀសវាងការប្រើទូរស័ព្ទដៃពេលមានភ្លៀង និងផ្គររន្ទះ ។ ចំណែកកសិករគួរត្រៀមខ្លួនការពារ និងប្រយ័ត្នការខាតបង់ទិន្នផលកសិកម្ម និងមានគ្រោះថ្នាក់ចំពោះសត្វចិញ្ចឹម ។
ការថែទាំសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង ៖
១-ផឹកទឹកស្អាតជាញឹកញាប់ គួរផឹកទឹកប្រមាណ១លីត្រក្នុង១ម៉ោងពេលមានអាកាសធាតុក្តៅខ្លាំង ឬធ្វើការងារធ្ងន់នៅក្រោមកំដៅថ្ងៃ
២-ចៀសវាងនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង ជាពិសេស ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៣រសៀល គួរនៅក្នុងផ្ទះដែលមានខ្យល់អាកាសចេញ-ចូលល្អ ឬគួរនៅកន្លែងមានម៉ាស៊ីនត្រជាក់ដូចជា ហាងលក់ទំនិញ បណ្ណាល័យ ឬសួនច្បារមានដើមឈើធំៗ
៣-ពាក់ខោអាវពណ៌ស្រាល រលុង និងស្តើង
៤-បើចាំបាច់ត្រូវចេញពីផ្ទះ គួរតែអនុវត្តតាមវិធីខាងក្រោមនេះ ៖
-ត្រូវធ្វើការងារក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាច
-កាត់បន្ថយការហាត់ប្រាណក្រោមកំដៅថ្ងៃ គួរតែហាត់ប្រាណនៅក្នុងអគារ និងផឹកទឹកស្អាតជាប្រចាំ
-ព្យាយាមសំរាកនៅកន្លែងម្លប់
-ពាក់មួក ពាក់វ៉ែនតាការពារពន្លឺថ្ងៃ និងលាបឡេការពារកំដៅថ្ងៃ
ដោយឡែក កាលពីថ្ងៃទី២២ ខែមេសា មានខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ និងបណ្តាលឱ្យដុំទឹកកកតូចៗធ្លាក់នៅតំបន់ជាច្រើនដូចជា ឃុំម៉ែរ៉ែម ស្រុកម៉ែរិម ដែលធ្វើឱ្យផ្ទះសម្បែង និងផ្ទៃដីកសិកម្មជាច្រើនរបស់ពលរដ្ឋរងផលប៉ះពាល់ ។ រីឯស្រុកសាមឿង ក៏មានភ្លៀងធ្លាក់ និងព្យុះទឹកកកផងដែរនៅក្នុងឃុំចំនួន៣ រួមមាន ឃុំយ៉ាំងមើន, ឃុំសាមឿងនឿ និងឃុំម៉ែសាប ។
ចំណែកស្រុកចមថង គេបានរាយការណ៍មកថា មានភ្លៀងធ្លាក់ខ្លាំង និងព្យុះទឹកកកនៅក្នុងឃុំបានលួង ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋ ។ បច្ចុប្បន្ន មេភូមិ និងមន្ត្រីពាក់ព័ន្ធបានសហការគ្នាចុះពិនិត្យមើលការខូចខាតនេះហើយ ។
គួរបញ្ជាក់ថា មិនមែនមានតែប្រទេសថៃមួយទេដែលជួបនឹងអាកាសធាតុក្តៅខ្លាំង ប្រទេសជិតខាងរបស់ថៃក៏មានអាកាសធាតុក្តៅខ្លាំងដូចគ្នាដែរ ដូចជា ប្រទេសឡាវ និងកម្ពុជា ខណៈប្រទេសមួយចំនួនទៀតនៅលើពិភពលោក ក៏ប្រឈមនឹងភាពស្ងួតហួតហែង និងភ្លើងឆេះព្រៃជាបន្តបន្ទាប់ ដោយសារអាកាសធាតុក្តៅ ៕ ប្រភព ៖ sanook










