នៅពេលអាកាសធាតុឡើងកំដៅខ្លាំងនារដូវវស្សានេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីឱ្យពលរដ្ឋប្រុងប្រយ័ត្ន។ ភ្ជាប់ជាមួយនឹងព័ត៌មានជាសកលស្ដីពីផលប៉ះពាល់បណ្ដាលមកពីការកើនឡើងកំដៅ ក្រសួងសុខាភិបាលបានផ្ដល់វិធីសាស្រ្តសាមញ្ញចំនួន១៥ចំណុចជូនពលរដ្ឋ ដើម្បីបញ្ចៀសផលវិបាកទាំងឡាយលើសុខភាព ដូចខាងក្រោម៖
១.ត្រូវរក្សាជាតិទឹករាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យត្រជាក់ (ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អ ឱ្យបានច្រើន និងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ បើទោះជាមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការរាគរូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណ និងអនាម័យចំណីអាហារ។
២. ចៀសវាងការពិសារភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ មានដូចជា៖ ពិសារគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។
៣. សូមកុំពិសារប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។ ពិសារផ្លែឈើដែលសម្បូរ ជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ចៀសវាងអាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និង ជាតិខ្លាញ់ខ្ពស់។
៤. ស្លៀកសម្លៀកបំពាក់ជួយការពារកំដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកំដៅថ្ងៃជាជំនួយ និងពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ ហើយឱស្សាហ៍ផ្លាស់ប្ដូរសម្លៀកបំពាក់ ប្រសិនបើវាសើមខ្លាំង។
៥. ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកំដៅឡើងបន្ថែម។
៦. ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រូក ឬប្រើរបាំងការពារកំដៅព្រះអាទិត្យ) និងកាត់ បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់បន្ថយកំដៅចូលក្នុងផ្ទះ។
៧. ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។
៨. ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀស វាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។
៩. ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅមានការថយចុះមកត្រជាក់ ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌអាកាសធាតុក្ដៅ។
១០. ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយសុវត្ថិភាពនៅក្នុងកំដៅដែលអាច ទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយកម្លាំងច្រើនដោយគំហុកភ្លាមៗហើយក្ដៅខ្លាំង។
១១. ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ ឬ ទីតាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាង្គកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកំដៅក្នុងកម្រិតណាមួយ។
១២. កុំពឹងផ្អែកតែលើកង្ហារជាឧបករណ៍ធ្វើឱ្យត្រជាក់ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកំដៅខ្លាំង មធ្យោបាយផ្សេងៗ ដើម្បីបន្ថយកំដៅ។
១៣. កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ- វានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។
១៤. សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយសារ អាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺ រ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាស ធាតុក្តៅ សូមកុំទុកពួកគាត់ចោលដោយមិនបានអើតមើលពួកគាត់។
១៥. ប្រសិនបើមានរោគសញ្ញាដូចជា៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមូលសាច់ដុំ (រមូលពីរជាសញ្ញាដំបូងនៃ ផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី ២-៥នាទី ហើយពិសារទឹកត្រជាក់យឺតៗ កុំបន្ត សកម្មភាពពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព។ ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល៕










