ប្រទេសឥណ្ឌា ៖ សីតុណ្ហភាពនៅប្រទេសឥណ្ឌាបានកើនឡើងខ្ពស់ជិតស្មើ៤៥អង្សារសេ រដ្ឋាភិបាលបានដាស់តឿនថា ឥណ្ឌានឹងជួបអាកាសធាតុក្តៅបែបនេះជាច្រើនថ្ងៃទៀត ហើយឥទ្ធិពលរលកកំដៅនឹងនៅតែបន្ត ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ជាងធម្មតា រហូតដល់ចុងខែឧសភា ឆ្នាំ២០២៣ ។
កាលពីថ្ងៃទី១៨ ខែមេសា ឧតុនិយមជាតិឥណ្ឌារាយការណ៍ថា សីតុណ្ហភាពបានកើនឡើងខ្ពស់បំផុតដល់៤៤,៦អង្សារសេនៅទីក្រុង Prayagraj រដ្ឋ Uttar Pradesh បន្ទាប់មក ក្រុងបារីប៉ាដា រដ្ឋអូរីសា ដែលសីតុណ្ហភាពស្មើ៤៤,២អង្សារសេ និងក្រុង Jhazi រដ្ឋ Uttar Pradesh មានសីតុណ្ហភាពស្មើ៤៣,៦អង្សារសេ ។ អាកាសធាតុក្តៅខ្លាំងបានគ្របដណ្តប់ឥណ្ឌាអស់រយៈពេលជិត១អាទិត្យហើយ ហើយកាលពីថ្ងៃទី១៨ ខែមេសា ទីក្រុងជាច្រើនមានសីតុណ្ហភាព៤២អង្សារសេ ។
ចំណែកនៅក្រុងញូវដេលីបានទទួលអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពស្មើ៤០អង្សារសេអស់រយៈពេល៣ថ្ងៃជាប់គ្នា ហើយកាលពីថ្ងៃទី១៨ ខែមេសា សីតុណ្ហភាពក្នុងក្រុងនេះស្មើ៤០,៦អង្សារសេ គឺខ្ពស់ជាងសីតុណ្ហភាពធម្មតាប្រមាណ៤អង្សារសេ ។
ឧតុនិយមជាតិឥណ្ឌាដាស់តឿនថា អាកាសធាតុក្តៅខ្លាំងនឹងគ្របដណ្តប់ភាគខាងកើតប្រទេសឥណ្ឌាបន្តទៀត ។ ដូច្នេះ ធ្វើឱ្យការិយាល័យធ្វើការរបស់រដ្ឋ និងសាលារៀននានាត្រូវបិទទ្វារចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី២៣ ខែមេសា ។ រីឯរដ្ឋមហារ៉ាស្ត្រា ដែលទើបមានអ្នកស្លាប់១៣នាក់ដោយសារអាកាសធាតុក្តៅ គេគិតថា សីតុណ្ហភាពនឹងកើនឡើងខ្ពស់ចាប់ពី២-៣អង្សារសេទៀត ។
ឧតុនិយមជាតិឥណ្ឌាថា ភ្លៀងធ្លាក់នៅថ្ងៃទី១៩ ខែមេសា អាចជួយកាត់បន្ថយអាកាសធាតុក្តៅខ្លះដែរ ប៉ុន្តែតំបន់ជាច្រើនរបស់ឥណ្ឌានឹងមានសីតុណ្ហភាពកើនឡើង និងក្តៅ រហូតដល់ថ្ងៃទី៣១ ខែឧសភា ៕
ប្រភព ៖ TNN World










