ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺត្រូវបានកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីណែនាំស្តីពីការអនុវត្តប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលចុះហត្ថលេខាដោយឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។ សំណុំលិខិតចុះឈ្មោះប្រឡងរួមមាន៖ ពាក្យសុំចុះឈ្មោះប្រឡងរបស់បេក្ខជនចំនួន វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ សំបុត្រកំណើត បង្កាន់ដៃបង់សិទ្ធិប្រឡង និងសៀវភៅសិក្ខាគារិក (ចំពោះសិស្សសាលាឯកជន)៕









