ពេលវេលាចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែកៀកមកដល់ តារាស្រីមួយចំនួនក្នុងប្រទេសកម្ពុជាបានតុបតែងខ្លួនតំណាងទេវតាឆ្នាំថ្មីយ៉ាងស្រស់ស្អាតប្រកដដោយភាពច្នៃប្រឌិតរៀងៗខ្លួនដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរ។
ជាមួយគ្នានេះដែរ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពថ្មី៤សន្លឹកនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១១ ខែមេសា ហើយកំពុងទទួលបានការសរសើរពីមហាជនមិនដាច់ពីមាត់។
តាមរយៈរូបភាពអ្នកនាង ឱក សុគន្ធកញ្ញា បានតុបតែងខ្លួនគ្រងឈុតសម្លៀកបំពាក់តំណាងឱ្យទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ។ ក្នុងនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញអារម្មណ៍យ៉ាងសោមនស្សរីករាយដែលខ្លួនបានគ្រងឈុតសម្លៀកបំពាក់តំណាងឆ្នាំថ្មី ព្រមទាំងជូនពរឱ្យប្រជាជនកម្ពុជា មានសេចក្តីសុខសុភមង្គល សុខភាពល្អ រកស៊ីមានបានគ្រប់ក្រុមគ្រួសារផងដែរ។
គួរបញ្ជាក់ថា តារាចម្រៀងឱក សុគន្ធកញ្ញា ជារឿយៗតែងតែបង្ហាញពីសំលៀកបំពាក់បុរាណខ្មែរដូចជាគ្រងឈុតអប្សរា គ្រងឈុតព្រះនាងឥន្រ្ទីទេវី ជាដើម ដោយមហាជនពោលសរសើរ តារចម្រៀងល្បីឈ្មោះរូបនេះមិនដាច់ពីមាត់ មិនថាស្លៀកសំលៀកបំពាក់បុរាណឬសម័យ ឱក សុគន្ធកញ្ញា តែងតែមានភាពលេចធ្លោ៕










