ជឿជាក់ថាបងប្អូនជ្រាបមកហើយបទថ្មី «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទើបតែទម្លាក់ថ្មីៗផ្ទុះការគាំទ្រយ៉ាងខ្លាំងប្រើពេល១៩ ម៉ោងមានអ្នកទស្សនា១លានដង និងរយៈពេលមិនដល់៣ថ្ងៃមានអ្នកទស្សនា៣លានដងនៅលើឆាណែលយូធូបរបស់លោក វណ្ណថា រួមទាំងមានការ REACTION ទាំង Youtuber ជាតិនិងអន្តរជាតិជាច្រើននាក់។
ភាពជោគជ័យត្រឹមរយៈពេលខ្លីនេះដោយសារតែបទចម្រៀងខាងលើពីរោះខ្លាំងទាំងទំនុកច្រៀងនិងភ្លេង លាយឡំឧបករណ៍បុរាណខ្មែរយ៉ាងល្អឯក គួបផ្សំនារដូវកាលចូលឆ្នាំទៀតកាន់តែទទួលបានការគាំទ្រខ្លាំង។ អ្វីដែលកត់សម្គាល់ នៅក្នុងបទចម្រៀងរបស់អ្នកទាំងពីរដែលរួមគ្នានិពន្ធឡើងបានបង្ហាញពីអត្តសញ្ញាណខ្មែរ ឧបករណ៍បុរាណខ្មែរ ស្រឡៃ ស្ថិតក្នុងវង់ភ្លេងពិណពាទ្យដែលកម្រលើកយកបង្ហាញក្នុងបទចម្រៀងនោះក៏លោក វណ្ណថាន និងលោក វណ្ណដា លើកយកបង្ហាញជូនក្នុងបទចម្រៀងនេះ។
បន្ថែមពីលើនេះ បទ «កំលោះស្រុកខ្មែរ» ត្រង់ឃ្លារបស់ វណ្ណថាន បាននិយាយថា «ថែភ្លេងខ្មែរមិនខ្វះអ្នកស្នេហ៍…» បានជួយលើកកម្ពស់ និងជួយឱ្យប្រជាជនថែរក្សាភ្លេងខ្មែរ រួមទាំងឱ្យជនបរទេសដឹងថា ខ្មែរមានអត្តសញ្ញាណមានសិល្បៈដ៏ល្អផូផង់ មានឧបករណ៍បុរាណជាច្រើនយូរណាស់មកហើយ។ ងាកទៅឃ្លារបស់ វណ្ណដា វិញត្រង់ឃ្លា «មិនហ៊ានស្នេហ៍ព្រោះស្ថិតក្នុងវ័យសិក្សា ខ្លាចធ្លាក់ប្រចាំខែ ចាំរៀនចប់ចាំនិយាយរឿងស្នេហ៍….» ឃ្លានេះបានបង្កប់ន័យអប់រំដល់អ្នកគាំទ្ររបស់វណ្ណដា ព្រោះហ្វេនរបស់លោកភាគច្រើនជាយុវវ័យស្ថិតក្នុងវ័យសិក្សា ដូចនេះលោកចង់ឱ្យហ្វេនៗខិតខំសិក្សាជាមុនសិន កុំទាន់អាលគិតរឿងស្នេហា។
គួរបញ្ជាក់ផងដែរថា បទ«កំលោះស្រុកខ្មែរ» បានទម្លាក់កាលពីយប់ថ្ងៃទី៧ ខែមេសា គិតត្រឹមម៉ោង២រសៀលថ្ងៃទី១០ ខែមេសា បទនេះមានអ្នកទស្សនាជាង៣លានដងហើយ៕
https://youtu.be/fJuJ6GW0UEk










