យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរ ឆ្លងកាត់ស្ពានដែកបេឡឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតងាយស្រួលក្នុងការធ្វើដំណើរដោះស្រាយរាល់ការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើ ។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិន ប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ។
គួរបញ្ជាក់ផងដែរថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕











