ដោយសារបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលឱ្យក្តៅខ្លាំងក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងការទទួលទានភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា គ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ បន្ថែមពីលើនេះត្រូវទទួលទានទឹកស្អាតឱ្យបានលើស២លីត្រក្នុងមួយថ្ងៃ។.jpg)
សេចក្តីណែនាំនៅថ្ងៃទី១០ ខែមេសា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ក្តៅខ្លាំងឱ្យថែរក្សាសុខភាពអំឡុងពេលអាកាសធាតុក្តៅខ្លាំង។ ក្នុងនោះ រួមមាន៖ ត្រូវញុំាទឹកស្អាតឱ្យបានលើស២លីត្រក្នុងមួយថ្ងៃទោះបីជាមិនស្រេកក៏ដោយ។ ចៀសវាងការទទួលទានភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា គ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ បន្ថែមពីលើនេះក្រសួងសុខាភិបាល ក៏បានឱ្យប្រជាពលរដ្ឋកុំពិសារប្រៃ និងផ្អែម អាហារមានជាតិខ្លាញ់ខ្ពស់ និងពិសារផ្លែឈើដែលសម្បូរ ជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។
គួរបញ្ជាក់ថា បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦.០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ៕











