ប្រទេសហ្វីលីពីន ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបង្ហាញថា ហ្វីលីពីនបាននាំចេញទុរេនលើកដំបូងទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញទុរេនកាលពី៣ខែមុន ដែលត្រូវបានគេដាក់ឈ្មោះថា «ទុរេនជាស្តេចផ្លែឈើ» ។
ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីហ្វីលីពីនបញ្ជាក់ថា ផ្លែទុរេនស្រស់នាំចេញទៅកាន់ប្រទេសចិនលើកដំបូងនេះ គឺយកមកពីក្រុមកសិករដាំដុះ និងអ្នកកែច្នៃក្នុងតំបន់ Davao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន និងបានឆ្លងកាត់វិធានការដ៏តឹងរ៉ឹងសម្រាប់ការនាំទៅចេញទៅកាន់ទីផ្សារចិន ។ លើសពីនេះ ប្រទេសហ្វីលីពីនមានគម្រោងនាំចេញទុរេនស្រស់ទៅកាន់ចិនបន្ថែមទៀតតាមរយៈផ្លូវអាកាស និងផ្លូវទឹក ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីន លោក Huang Xilian បានថ្លែងតាមបណ្តាញសង្គមថា ការនាំចេញទុរេនលើកនេះ អាចធ្វើឱ្យក្តីសុបិនរបស់កសិករហ្វីលីពីនក្លាយជាការពិត ហើយការលក់ដូរទុរេនអាចផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋប្រទេសទាំងពីរផងដែរ ។
កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសចិន និងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការនាំចេញទុរេនស្រស់ ។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យហ្វីលីពីនអាចនាំចេញទុរេនរបស់ខ្លួនទៅកាន់ទីផ្សារយ៉ាងធំទូលាយរបស់ចិន ខណៈហ្វីលីពីនបានដាំដុះទុរេននៅលើផ្ទៃដីជាច្រើនហិកតា បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
រដ្ឋាភិបាលហ្វីលីពីនបានប្តេជ្ញាចិត្តអនុវត្តនូវគម្រោងធានាគុណភាពទិន្នផលផ្លែឈើ ដើម្បីឱ្យការនាំចេញទុរេនទៅកាន់ទីផ្សារក្រៅប្រទេសមានគុណភាពខ្ពស់ ។ កិច្ចព្រមព្រៀងនាំចេញទុរេននឹងផ្តល់ប្រាក់ចំណូលរាប់លានដុល្លារអាមេរិកដល់ឧស្សាហកម្មទុរេនក្នុងប្រទេសហ្វីលីពីន ៕
ប្រភព ៖ TNN World










