ជារឿងនឹកស្មានមិនដល់អតីតបេក្ខជនប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ម្នាក់ឈ្មោះ អួ គីមសាល មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បាត់បង់ស្មារតី និយាយលែងច្បាស់ ស្ថានភាពគួរឱ្យបារម្ភ។ តាមការបញ្ជាក់របស់អ្នកនាង អួ គីមឡេង ត្រូវជាបងស្រីបង្កើតអតីតបេក្ខជនរូបនេះបានផ្តល់បទសម្ភាសមកកាន់ KBN News ថាដំបូងឡើយប្អូនប្រុសរបស់អ្នកនាងមានជំងឺ depression រឿងការងារ រហូតវិវត្តន៍ទៅជាជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ខណៈគ្រួសារអស់លទ្ធភាពព្យាបាលទើបដាច់ចិត្តសុំជំនួយពីសប្បុរសជន។
អួ គីមសាល ជាអតីតបេក្ខជនម្នាក់ដែលបានចូលរួមប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ កាលពីឆ្នាំ២០១៨ រួមទាំងជាអតីតបេក្ខជនក្នុងកម្មវិធី X Factor Cambodia ផងដែរ។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលរួមទាំងបង្ហាញក្តីអាណិតអាសូរនោះ មានការចែករំលែកជាច្រើននៅលើបណ្តាញសង្គម ពីគណនីហ្វេកប៊ុក Kimberly Kimleng Our បានបង្ហោះអតីតបេក្ខជនខាងលើនេះ មានជំងឺរលាកខួរស្រោមខួរក្បាលធ្ងន់ធ្ងរ បាត់បង់ស្មារតី ស្របពេលជីវភាពគ្រួសារខ្វះខាតអស់លទ្ធភាពក្នុងការព្យាបាលទើបអំពាវនាវដល់សប្បុរសជនជួយជាថវិកាខ្លះៗដើម្បីមានថវិកាព្យាបាលជំងឺដល់លោក អួ គីមសាល ត្រូវជាប្អូនប្រុសអ្នកនាង។
ផ្តល់បទសម្ភាសតាមទូរស័ព្ទមកកាន់ KBN News នៅយប់ថ្ងៃទី៩ ខែមេសា អ្នកនាង អួ គីមឡេង មានគណនីហ្វេកប៊ុកខាងលើ បានឱ្យដឹងថាលោក អួ គីមសាល ត្រូវជាប្អូនប្រុសបង្កើតមានប្រវត្តិតស៊ូនឹងវិថីសិល្បៈណាស់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងជាច្រើន។ កិច្ចខិតខំប្រឹងប្រែងរបស់ប្អូនប្រុសរបស់អ្នកនាងទោះបីជាមិនជាប់ក្នុងកម្មវិធីប្រលងក្តីតែស្ថានីយ៍ទូរទស្សន៍ហង្សមាសបានហៅទៅច្រៀងតាមកម្មវិធីជារឿយៗដែរ។
ស្រ្តីវ័យ៣២ឆ្នាំខាងលើនេះបានបន្តថាដំបូងឡើយជំងឺ លោក អួ គីមសាល កើតឡើងដោយសារតែ depression តាំងពីឆ្នាំ២០២១ កើតឡើងដោយសារប្អូនប្រុសរបស់អ្នកនាង ខិតខំនិពន្ធបទចម្រៀងលក់ និងការធ្វើការយប់ៗមិនសូវបានសម្រាក និងទទួលទានមិនបានគ្រប់គ្រាន់ ពោលគឺលោក អួ គីមសាល ចាយវាយក្បិតក្បៀតពុំហ៊ានចាយវាយផ្តេសផ្តាសទេ។ អ្នកនាង គីមឡេង បានឱ្យដឹងទៀតថា១ខែចុងក្រោយមុនស្ថានភាពជំងឺធ្ងន់ធ្ងរ លោក គីមសាល បានជំនះមកភ្នំពេញដើម្បីធ្វើការបានប្រាក់កាស។ ប៉ុន្តែជាសំណាងមិនល្អ ស្ថានភាពជំងឺប្អូនប្រុសរបស់អ្នកនាងកាន់តែធ្ងន់ធ្ងរ ម្តាយក៏សម្រេចចិត្តឡើងមកភ្នំពេញដើម្បីយកទៅព្យាបាល និងមើលថែនៅស្រុកកំណើត កាលពីថ្ងៃទី៨ ខែមេសា ។
បន្ទាប់ពីដល់ខេត្តបាត់ដំបង ក្រុមគ្រួសារបាននាំ លោក អួ គីមសាល ទៅមន្ទីរពេទ្យ ដោយគ្រូពេទ្យពិនិត្យឃើញថាអតីតបេក្ខជនរូបនេះមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។
បងស្រីលោក អួ គីមសាល បន្ថែមថាក្រុមគ្រួសាររបស់អ្នកនាងគ្មានលទ្ធភាពព្យាបាលជំងឺប្អូនប្រុសទេ ទើបបង្ហោះសុំជំនួយពីសប្បុរជនតាមបណ្តាញសង្គម ដោយពេលនេះស្ថានភាពប្អូនប្រុសខ្លួននៅមិនទាន់ល្អប្រសើរនៅឡើយ សង្ឃឹមថាបងប្អូនមានចិត្តសប្បុរសជួយជាថវិកាដើម្បីមានលទ្ធភាពយក លោក អួ គីមសាល មកព្យាបាលនៅរាជធានីភ្នំពេញ៕










