Home ព័ត៌មានអន្តរជាតិ មេដឹកនាំបារាំងពិភាក្សាពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែនជាមួយចិន

មេដឹកនាំបារាំងពិភាក្សាពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែនជាមួយចិន

55
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែមេសា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅទីក្រុងប៉េកាំង ប្រទេសចិន ។ គេចាត់ទុកថា វាជាការមកកាន់ប្រទេសចិនលើកទី២ របស់មេដឹកនាំបារាំង ព្រមទាំងគណៈប្រតិភូអាជីវកម្មចំនួន៥០នាក់ រួមទាំងប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivaiC79UVboZyz3Kb9WEg-NCFxZP5VmG5APzoJKkCDBtr94x2LJKCf0RgtEKs-MkhStT5_j5ZEieqPJIiwnEpPCxVgrEe7X3UTBx-UiJp2MGZqz3qp5ObwcFUuFyIBBcqb5OIew0J0pk5BxunuBhdWJoqLGseLZLZH7tVTbVcp7vQVH5NYpUue9RV-vQ/s1200/2023-04-08%2008.26.13.jpg

តាមសារព័ត៌មានចុះផ្សាយថា លោក Emmanuel Macron និងលោកស្រី von der Leyen ក៏បានចូលជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរនៅថ្ងៃដដែលនេះ ។ គេសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងនៅថ្ងៃអនាគត និងការបញ្ចប់ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។

លោក Emmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានថ្លែងមុនពេលធ្វើដំណើរទៅកាន់ប្រទេសចិនថា ចង់បញ្ចុះបញ្ចូលចិនឱ្យប្រើឥទ្ធិពលលើរុស្ស៊ី ដើម្បីបង្កើតសន្តិភាពនៅអ៊ុយក្រែន ហើយបញ្ចុះបញ្ចូលចិនមិនឱ្យគាំទ្ររុស្ស៊ីដោយផ្ទាល់ក្នុងបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។

មេដឹកនាំបារាំងបានធ្វើដំណើរទៅដល់ប្រទេសចិន កាលពីថ្ងៃ៥ ខែមេសា កន្លងមក និងបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា អឺរ៉ុបមិនត្រូវការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយប្រទេសចិនទេ ខណៈចិនកំពុងមានជម្លោះជាច្រើនរឿងជាមួយក្រុមប្រទេសលោកខាងលិច រួមទាំងរឿងតៃវ៉ាន់ផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAV92ctx5SAgRXSGX80ZrrN__QBNlKZUSrfYKh3f2MnqPcwKNnIm0HVW-voKp-jGEn2l6MP5aEHfBNbA8y2ByLofjlX_YxnFh7B79rQVsPEdlcA01KLdeFo-PtwufcASolB4wgb_siQPbZJC37LsLBxOmsMNYrc05B_Lkx5p_qhL__LDDLAEJV2C6jGg/s1280/2023-04-08%2008.53.21.jpg

ចំណែកនាយករដ្ឋមន្ត្រីចិន លោក Li Qiang ថ្លែងថា ការធ្វើដំណើរមកកាន់ប្រទេសចិនរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញឱ្យឃើញពីទំនាក់ទំនងរវាងប្រទេសចិន និងបារាំង ។ លោកជឿជាក់ថា ការប្រជុំពិភាក្សាគ្នារវាងមេដឹកនាំបារាំង និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងឈានដល់ការឯកភាពគ្នាជាច្រើនប្រធានបទ ហើយវាជាលទ្ធផលល្អសម្រាប់ទំនាក់ទំនងរបស់ចិន និងបារាំងនៅថ្ងៃអនាគត ៕ ប្រភព ៖ TNN World