រដ្ឋធានីណៃពិដោរ៖ អំពីរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានរុញច្រាន់ប្រទេសអាស៊ានមួយនេះ ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយការវាយប្រយុទ្ធគ្នា តែងតែកើតឡើង ជាហូរហែ រហូតធ្វើឲ្យមានជនភៀសខ្លួន រាប់ម៉ឺននាក់ ឆ្លងកាត់ព្រំដែន ចូលទៅកាន់ប្រទេសជិតខាង។
សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីរសៀល ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ថា ក្រុមមន្រ្ដីថៃ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា មនុស្ស រាប់ពាន់នាក់បានរត់ភៀសខ្លួន ឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយសារតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច និង កងទ័ពរបបសឹកមីយ៉ាន់ម៉ា។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូល ទៅក្នុងស្ថានភាពចលាចល ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោងសាន់ស៊ូជី (Aung San Suu Kyi ) ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ រឹបអូសអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែក ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតឡើង នៅជិតព្រំដែនជាមួយទីក្រុងមីយ៉ាវ៉ាតឌី (Myawaddy) នៅភាគខាងត្បូង រដ្ឋការ៉ែន (Karen) ដែលគេស្គាល់ថា ជាតំបន់កាយីន (Kayin) ជាប់ខេត្តតាក (Tak) របស់ប្រទេសថៃ។
ក្រុមមន្រ្ដីខេត្តតាក ប្រទេសថៃ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា មនុស្សចំនួន ៣ ៩៩៨នាក់ បានរត់ភៀសខ្លួន ចូលមកក្នុងទីស្នាក់បណ្តោះអាសន្នរបស់ប្រទេសថៃ នៅក្នុងតំបន់ ចំនួន១០។
ការវាយប្រយុទ្ធគ្នាយ៉ាងសាហាវនេះ បានផ្ទុះឡើង ក្រោយពីការវាយប្រហារទៅលើប៉ុស្តិ៍ការពារព្រំដែន បង្កឡើង ដោយក្រុមយុទ្ធជនរបស់កងទ័ពរំដោះជាតិការ៉ែន (Karen)។ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន រួមមាន KNLA បានប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា អស់រយៈពេលច្រើនទសវត្សរ៍កន្លងមកហើយ។ ប៉ុន្ដែចាប់តាំងពីមានរដ្ឋប្រហារនោះមក ក្រុមប្រដាប់អាវុធជនជាតិភាគតិចទាំងនោះ បានងាកមកចូលរួមជាមួយកម្លាំងរបស់ក្រុមប្រឆាំងនឹងរដ្ឋប្រហារ ដោយព្យាយាម បង្ខំឲ្យមេដឹកនាំ របបយោធាមីយ៉ាន់ម៉ា ចុះចេញពីអំណាច។
ភាពចលាចល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពេលពួកឧត្ដមសេនីយ៍យោធា បានដណ្តើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ២០២១ បង្កឲ្យមានការតវ៉ា ទ្រង់ទ្រាយធំ និង ការបះបោរប្រដាប់អាវុធ។ ប៉ុន្ដែបើតាមសមាគមជំនួយការសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់កម្លាំងដ៏សាហាវ ប្រឆាំងនឹងគូប្រជែងរបស់ខ្លួន ដោយបានសម្លាប់មនុស្ស ប្រហែល ៣ ២១១នាក់ និង ចាប់មនុស្ស ចំនួន ១៧ ០០០នាក់ ដាក់ពន្ធនាគារ។
កម្លាំងការពារប្រជាជន (PDF) បានបញ្ជាក់ថា នៅក្នុងការវាយប្រយុទ្ធគ្នា អស់រយៈពេល៤ថ្ងៃកន្លងមកនេះ ទាហានរបសសឹកមីយ៉ាន់ម៉ា យ៉ាងតិច ១១៤នាក់ ត្រូវបានសម្លាប់។ បច្ចុប្បន្ន កម្លាំងការពារប្រជាជន និង អង្គការប្រដាប់អាវុធជនជាតិភាគតិចនានា (EAOs) បានកំណត់គោលដៅវាយប្រហារ ប្រឆាំងនឹងរបបសឹក នៅទូទាំងប្រទេស៕










