ប្រទេសរុស្ស៊ី ៖ កាលពីដើមខែមេសានេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រជុំពិភាក្សាពីបញ្ហាសន្តិសុខជាមួយមេដឹកនាំប្រទេសបេឡារុស ហើយមេដឹកនាំរុស្ស៊ីចោទប្រកាន់អាមេរិកថា អាមេរិកគាំទ្រការតវ៉ាប្រឆាំងនៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ រហូតដល់ធ្វើឱ្យមានជម្លោះកើតឡើងនាពេលបច្ចុប្បន្ននេះ ។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបើកវិមានប្រធានាធិបតី ដើម្បីទទួលស្វាគមន៍ការមកកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko តាមការអញ្ជើញរបស់លោក ពូទីន ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បានថ្លែងថា មេដឹកនាំរុស្ស៊ី និងមេដឹកនាំបេឡារុសនឹងពិភាក្សាគ្នា ដោយស្នើឱ្យភាគីទាំងអស់ឈប់បាញ់គ្នានៅអ៊ុយក្រែន ក្រោយពីលោក ពូទីន ប្រកាសថា នឹងបញ្ជូនអាវុធនុយក្លេអ៊ែរទៅប្រចាំការនៅបេឡារុស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ។
លោក ពូទីន បានថ្លែងទៅកាន់មេដឹកនាំបេឡារុសថា លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងពិភាក្សាជាច្រើនប្រធានបទ ខណៈរុស្ស៊ី និងបេឡារុស នឹងត្រូវសហការធ្វើការរួមគ្នា មិនថាកិច្ចសហការនៅលើឆាកអន្តរជាតិ និងសន្តិសុខរបស់ប្រទេសទាំងពីរ ។ មុននេះ មេដឹកនាំរុស្ស៊ីបានថ្លែងក្នុងពិធីទទួលស្វាគមន៍មន្ត្រីទូតបរទេសថ្មី ដែលនឹងមកបំពេញភារកិច្ចនៅប្រទេសរុស្ស៊ី រួមទាំងលោកស្រី Lynn Tracy មន្ត្រីទូតអាមេរិកប្រចាំរុស្ស៊ីថា រុស្ស៊ីបើកចំហសម្រាប់ភាពជាដៃគូស្ថាបនាជាមួយប្រទេសទាំងអស់ដែលរាប់អានរុស្ស៊ី បើទោះជាស្ថានការណ៍ក្នុងពិភពលោកតឹងតែងក្តី ។

លើសពីនេះ មេដឹកនាំរុស្ស៊ី លោក ពូទីន បញ្ជាក់ថា សម្ព័ន្ធភាពរវាងប្រទេសរុស្ស៊ី និងអាមេរិកបានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ទៅលើស្ថេរភាព និងសន្តិសុខពិភពលោក ហើយស្ថិតក្នុងវិបត្តិដ៏ជ្រៅមួយ ។ លោក ពូទីន ក៏បានរិះគន់អាមេរិកផងដែរថា អាមេរិកគាំទ្រការប្រឆាំងតវ៉ាបណ្តេញអតីតប្រធានាធិបតីនៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ រហូតធ្វើឱ្យមានជម្លោះកើតឡើងនាពេលបច្ចុប្បន្ន ៕ ប្រភព ៖ TNN World










