ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានពិនិត្យមើលផ្លូវធ្វើដំណើរទៅសាលារៀនរបស់សិស្សឃើញថា មានកន្លែងគ្រោះថ្នាក់រហូតដល់ជាង៧៦.០០០ នៅទូទាំងប្រទេស ។ ដូច្នេះ នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហានេះឱ្យរួចរាល់ត្រឹមរយៈពេល១ឆ្នាំ ។

កាលពីថ្ងៃទី៥ ខែមេសា កន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានដឹកនាំកិច្ចប្រជុំមួយនិយាយអំពីសុវត្ថិភាពធ្វើដំណើររបស់សិស្សសាលា ។ ក្នុងកិច្ចប្រជុំនេះបានរាយការណ៍ពីវឌ្ឍនភាពនៃវិធានការការពារសុវត្ថិភាពសម្រាប់សាលាបឋមសិក្សារបស់រដ្ឋ ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅទីក្រុង Yachimata ខេត្ត Chiba ដោយសារអ្នកបើករថយន្តដឹកទំនិញធំស្រវឹងស្រា ហើយគេបានបើកបររំលោភលើផ្លូវរបស់សិស្សសាលាបឋម ស្របពេលក្មេងៗកំពុងចេញពីសាលារៀនបានបណ្តាលឱ្យសិស្សស្លាប់ និងរងរបួសចំនួន៥នាក់ ។ រដ្ឋាភិបាលជប៉ុនបានចាត់ឱ្យមន្ត្រីមកត្រួតពិនិត្យផ្លូវនៅតាមបណ្តាសាលារៀន និងរកឃើញកន្លែងគ្រោះថ្នាក់ចំនួន៧៦.៤០៤កន្លែងនៅទូទាំងប្រទេស ។

លោក Fumio Kishida បានលើកឡើងថា ខាងសាលារៀន និងមន្ត្រីពាក់ព័ន្ធមិនត្រូវមើលស្រាលគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទេ ហើយលោកបញ្ជាក់ថា សាលារៀននីមួយៗនៅទូទាំងប្រទេស ត្រូវតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសិស្សជាចម្បង ។ នៅមុខសាលានីមួយៗត្រូវមានសន្តិសុខបញ្ជាចរាចរណ៍ចេញ-ចូល និងត្រូវដាក់ប៉ារ៉ាស់បិទផ្លូវ និងដាក់របាំងការពារហាមពលរដ្ឋទូទៅធ្វើដំណើរក្នុងអំឡុងពេលកូនសិស្សចូលសាលារៀន និងពេលកូនសិស្សចេញពីសាលារៀន ។
នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាទៅកាន់មន្ត្រីពាក់ព័ន្ធឱ្យដោះស្រាយបញ្ហានេះឱ្យបានមុនចុងឆ្នាំ២០២៣ ដើម្បីឱ្យកូនសិស្សទាំងអស់អាចធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព និងមានភាពកក់ក្តៅ ៕ ប្រភព ៖ Krobkrueng JAPAN










